Cambodia
New Details

Image
ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការផ្តល់សេវាថែទាំសុខភាពសម្រាប់ការគ្រប់គ្រងជំងឺផ្តាសាយបក្សី (Influenza) A/H5N1 នៅប្រទេសកម្ពុជាតាមរយៈប្រព័ន្ធនិម្មិត (Zoom)
April 02, 2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥  ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី  ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការផ្តល់សេវាថែទាំសុខភាពសម្រាប់ការគ្រប់គ្រងជំងឺផ្តាសាយបក្សី (Influenza) A/H5N1 នៅប្រទេសកម្ពុជាតាមរយៈប្រព័ន្ធនិម្មិត (Zoom) ។

គោលបំណង នៃវគ្គបណ្តុះបណ្តាលនេះ ៖

- ធ្វើរោគវិនិច្ឆ័យជំងឺផ្តាសាយបក្សី A/H5N1 ឱ្យបានទាន់ពេលវេលា។

- ធ្វើការគ្រប់គ្រង និងព្យាបាលអ្នកជំងឺសង្ស័យ ឬអ្នកជំងឺវិជ្ជមានមេរោគ A/H5N1 ។

- ធ្វើការគ្រប់គ្រង និងបង្ការរោគ។

- ប្រព័ន្ធបញ្ជូនអ្នកជំងឺ និងទំនាក់ទំនងជាមួយក្រុមឆ្លើយតបបន្ទាន់សម្រាប់ឆ្លើយតបទៅនឹងការផ្ទុះរាតត្បាត។

ក្នុងនេះដែរ លោកជំទាវរដ្ឋេលខាធិការ ក៏បានគូសរំលេច និងកោតសរសើរដល់ក្រុមការងារឆ្លើយតបបន្ទាន់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ព្រមទាំងក្រុមឆ្លើយតបបន្ទាន់ថ្នាក់ខេត្តដែលបានយកចិត្តទុកដាក់ក្នុងការបំពេញការងារជាបុរេសកម្មក្នុងការទប់ស្កាត់ជំងឺផ្តាសាយបក្សីកន្លងមក។ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដូចជា នៅពេលសង្ស័យមានរោគសញ្ញា ក្តៅខ្លួន ក្អក ពិបាកដកដង្ហើម សុំរាយការណ៍ និងយកសំណាក ព្រមទាំងផ្ញើមកវិទ្យាស្ថានជាតិសុខភាពសធារណៈ ដោយសូមសរសេរបញ្ជាក់លើប្រអប់សំណាកថា ប្រញាប់ និងមួយវិញទៀត នៅពេលមានករណីបញ្ជូនជំងឺត្រូវមានគ្រូពេទ្យមកជាមួយ ដើម្បីផ្តល់ភាពកក់ក្តៅដល់អ្នកជំងឺ និងបើមានករណីអ្វីកើតឡើងបន្ថែមទៀត អាចសង្គ្រោះបានទាន់ពេលវេលា។ បន្ថែមលើនេះ សូមយកចិត្តទុកដាក់នៅតាមច្រកព្រំដែនទាំងអស់ នៅពេលមានអ្នកដំណើរចេញចូលពីក្រៅប្រទេស នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខនេះ។ 

វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តមវេជ្ជ. លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងនាយកដ្ឋានមន្ទីរប្រយុទ្ធនឹងជំងឹឆ្លង នាយកដ្ឋានមន្ទីរពេទ្យ វិទ្យាស្ថានជាតិ សុខភាពសាធារណៈ មន្ទីរពេទ្យថ្នាក់ជាតិ នៃក្រសួងសុខាភិបាល ក្រសួងការពារជាតិ មន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរសុខាភិបាលភិបាល មន្ទីរពេទ្យបង្អែកខេត្ត ស្រុក រួមទាំងមណ្ឌលសុខភាព ដែលមានចំនួនសរុបប្រមាណ ១០០០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8