Cambodia
New Details

Image
ជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុន Lowenstien Medical Hospital GmbH ស្វែងយល់អំពីឱកាសកិច្ចសហប្រតិបត្តិការ លើផ្នែកប្រពោធនកម្ម និងសង្គ្រោះជំងឺធ្ងន់ ទារកទើបកើត (NICU) នៅកម្ពុជា
April 04, 2025

រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Lowenstien Medical Hospital GmbH ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងវិនិយោគ ក្នុងការពង្រឹងសមត្ថភាព ផ្នែកប្រពោធនកម្ម និងសង្គ្រោះជំងឺធ្ងន់ដល់ទារកទើបកើត (NICU) នៅកម្ពុជា។

លោក Günther Buchinger អគ្គនាយកក្រុមហ៊ុន Lowenstien Medical Hospital GmbH បានជម្រាបជូនពីបំណងនៃទស្សនកិច្ចនាពេលនេះ គឺដើម្បីសិក្សាអំពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការ ជាពិសេសដើម្បីស្វែងយល់បន្ថែម ពីសេវាប្រពោធនកម្ម និងសង្គ្រោះជំងឺធ្ងន់ទារកទើបកើត (NICU) នៃប្រព័ន្ធសុខាភិបាលនៅកម្ពុជា។ 

លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Lowenstein Medical Hospital ដែលមានបំណង់ចូលរួមចំណែកគាំទ្រវិស័យសុខាភិបាលកម្ពុជា តាមរយៈការលើកសំណើនូវគម្រោងផ្តល់អំណោយជាសម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើប មួយចំនួនជូនក្រសួងសុខាភិបាល និងផ្តល់ការបណ្តុះបណ្តាលធនធានមនុស្ស។ លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនពីគោលនយោបាយអាទិភាពទាំង ៩ និងផែនការយុទ្ធសាស្រ្តសុខាភិបាល ជូនជាទស្សនទានសម្រាបជាគំនិតផ្តួចផ្តើម នៃកិច្ចសហប្រតិបត្តិរវាងក្រុមហ៊ុនជាមួយក្រសួងសុខាភិបាល ព្រមទាំងអញ្ជើញក្រុមហ៊ុនទៅធ្វើទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពការងារជាក់ស្តែងនៅមន្ទីរពេទ្យកាល់ម៉ែត និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកផងដែរ។

ភាគីទាំងពីរ បានពិភាក្សាលើលទ្ធភាពកិច្ចសហប្រតិបត្តិការ ដោយផ្តោតលើការធ្វើឲ្យកាន់តែប្រសើរ ប្រកបដោយភាពធន់ នូវសមត្ថភាពនៃសេវាប្រពោធនកម្ម និងសង្គ្រោះជំងឺធ្ងន់ ចំពោះទារកទើបកើត (NICU)  នៃប្រព័ន្ធសុខាភិបាលនៅកម្ពុជា ដើម្បីសំដៅចូលរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16