Cambodia
New Details

Image
សេចក្តីថ្លែងការ Mandaluyong និងបទអន្តរាគមន៍គាំទ្រនៃរដ្ឋសមាជិកអង្គការសុខភាពពិភពលោក លើប្រធានបទ “សុវត្ថិភាពអ្នកជំងឺ” នាកិច្ចប្រជុំកំពូលសកលថ្នាក់រដ្ឋមន្ត្រីលើកទី៧ Mandaluyong Declaration, 7th Global Ministerial Summit on “Patient Safety”
April 04, 2025

ទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន៖ នៅថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ តំណាង ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ បានបន្តដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលចូលរួមកិច្ចប្រជុំកំពូលសកលថ្នាក់រដ្ឋមន្ត្រីលើកទី៧ អំពី «សុវត្ថិភាពអ្នកជំងឺ Patient Safety» សំរាប់ថ្ងៃទី២។ 

ប្រធានបទសំខាន់ នៃកិច្ចប្រជុំថ្ងៃទី២ បានពិនិត្យ និងពិភាក្សាចែករំលែកបទពិសោធន៍ផលចំណេញផ្នែកសេដ្ឋកិច្ច នៃការធ្វើរោគវិនិច្ឆ័យដោយសុវត្ថិភាព។ បន្ថែមលើនេះ មានការថ្លែងសារគន្លឹះរបស់តំណាង  តំណាងធានាគារអភិវឌ្ឍន៍អាស៊ី  និងឯកឧត្តម Dr Tedros Adhanom Ghebreyesus អគ្គលេខាធិការអង្គការសុខភាពពិភពលោក ស្តីពីការលើកកម្ពស់សុវត្ថិភាពអ្នកជំងឺ និងការគាំទ្រអនុវត្តផែនការសកម្មភាពសុវត្ថិភាពអ្នកជំងឺសកល ២០២១-២០៣០។ 

ជាលទ្ធផលអង្គប្រជុំក៏បានអនុម័តលើសេចក្តីថ្លែងការ Mandaluyong ស្តីពីសុវត្ថិភាពអ្នកជំងឺ (Mandaluyong Declaration on Patient Safety) ដែលខ្លឹមសារសង្ខេបចំនួន៤ចំណុច៖ 

១) ពង្រឹងកិច្ចសហការជាសកលដើម្បីសុវត្ថិភាពអ្នកជំងឺ (Strengthen Global Collaboration for Patient Safety) 

២) លើកកម្ពស់ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចសុវត្ថិភាពអ្នកជំងឺ (Advance Leadership and Governance in Patient Safety) 

៣) សមាហរណកម្មសុវត្ថិភាពអ្នកជំងឺទៅក្នុងការត្រៀមសម្រាប់គ្រោះមហន្តរាយ និងការសង្គ្រោះបន្ទាន់ និងភាពធន់នឹងអាកាសធាតុ (Integrate Patient Safety into Disaster and Emergency Preparedness and Climate Resilience) និង 

៤) បង្កើតអភិក្រមផ្តោតលើមនុស្ស ដើម្បីសុវត្ថិភាពអ្នកជំងឺ (Build a People-Centered Approach to Patient Safety)។ បន្ថែមលើនេះ សេចក្តីថ្លែងការក៏បាន លើកទឹកចិត្តឱ្យប្រែក្លាយសេចក្តីថ្លែងការនេះជាការអនុវត្តជាក់ស្តែង និងអំពាវនាវឱ្យតួអង្គពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តបេសកកម្មដ៏មានសារៈសំខាន់នេះ។ 

នារសៀលនៃថ្ងៃទី២នេះផងដែរ ថ្នាក់ដឹកនាំជារដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី រដ្ឋលេខាធិការ តំណាងស្ថានទូតនានា ត្រូវបានផ្តល់ឱកាស ដើម្បីធ្វើបទអន្តរាគមន៍ ផ្តល់ចំណាប់អារម្មណ៍ និងបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងនោះ ក្រសួងសុខាភិបាលកម្ពុជា បានថ្លែងចំណុចគន្លឹះ ដោយគូសបញ្ជាក់ពីការគាំទ្រផែនការសកម្មភាពស្តីពីសុវត្ថិភាពអ្នកជំងឺជាសាកល ២០២១-២០៣០ ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការផ្តល់អាទិភាពដល់ការលើកកម្ពស់សុវត្ថិភាពអ្នកជំងឺ។ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី ក៏បានរំលេចពីវិធានការសំខាន់ៗ ដែលកម្ពុជាបាន និងកំពុងអនុវត្ត និងបន្តអភិវឌ្ឍន៍បន្ថែម ដើម្បីរួមចំណែកលើកកម្ពស់សុវត្ថិភាពអ្នកជំងឺ រួមមាន (១) ផែនទីបង្ហាញផ្លូវស្តីពីការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ២០២៤-២០៣៥ (២) ការវាស់វែងតាមរយៈស្តង់ដាទទួលស្គាល់គុណភាពមន្ទីរពេទ្យ (៣) ស្តង់ដាចាំបាច់សំរាប់សេវាឯកជន និង (៤) កិច្ចសហការជាមួយគណៈវិជ្ជាជីវៈសុខាភិបាល និងតួអង្គពាក់ពន្ធ័សុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8