Cambodia
New Details

Image
ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោង SHIFT-TB និង SAPPHIRE
April 04, 2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោង SHIFT-TB និង SAPPHIRE ។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម Jaques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។

គោលបំណង ក្នុងពិធីប្រកាសជាផ្លូវការនេះ រួមមាន៖ 

-  ដើម្បីផ្តល់នូវទិដ្ឋភាពទូទៅ នៃគម្រោង SHIFT-TB និង SAPPHIRE ដល់ភាគីពាក់ព័ន្ធសំខាន់ៗ។

-  ដើម្បីទទួលបានការចូលរួម និងការគាំទ្រពីភាគីពាក់ព័ន្ធសំខាន់ សម្រាប់ការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព។

-  ពង្រឹងកិច្ចសហការ និងការគាំទ្រពីភាគីពាក់ព័ន្ធសំខាន់ៗ សម្រាប់ការអនុវត្តគម្រោង។

-  បង្កើនការយល់ដឹងពីវិសាលភាពគម្រោង និងផែនការ។

- គំរោង​ជំនួយ​ពីរដ្ឋាភិបាលបារាំង និងរដ្ឋាភិបាលអូស្រ្តាលីដល់ប្រជាពលរដ្ឋកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់ ក្នុងការជួយដល់កម្ពុជា ឆ្ពោះទៅរកការបញ្ចប់ជំងឺរបេងនៅឆ្នាំ២០៣០ ស្របទៅតាមផែនការយុទ្ធសាស្ត្រជាតិបញ្ចប់ជំងឺរបេង ២០២១ ដល់ ២០៣០ របស់​រាជរដ្ឋាភិបាល​ កម្ពុជា​។ 

ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានគូសរំលេចអំពី គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលតាមរយៈសមាហរណកម្មបទអន្តរាគមន៍លើកត្តាហានិភ័យ និងការស្វែងរកករណីរបេង ហៅកាត់ថា គម្រោង (SHIFT-TB) និងគម្រោងភាពជាដៃគូរអាស៊ីប៉ាស៊ីហ្វិក និងទីក្រុងស៊ីដនី សម្រាប់វិស័យសុខាភិបាល បែបនវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីមានភាពធន់ ហៅកាត់ថា គម្រោង (SAPPHIRE) មានរយៈពេល ៤៨ខែ ចាប់ពី២០២៥ ដល់ឆ្នាំ២០២៨ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល តាមរយៈបទអន្តរាគមន៍រួមបញ្ចូលកត្តាប្រឈមនានា និងការស្វែងរកករណីរបេង ឬ SHIFT-TB នឹងត្រូវអនុវត្តជាបីជុំ ក្នុងភូមិទាំង៩០ ជាមួយនឹងប្រជាជន ជាគោលដៅទាំងអស់ក្នុងភូមិទាំង៩០នេះ គ្របដណ្តប់ខេត្តចំនួន២ គឺខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ។ 

ទន្ទឹមនឹងនេះដែរ លោកជំទាវរដ្ឋលេខាធិការ មានប្រសាសន៍ថា ក្នុងការរួមគ្នាឆ្ពោះទៅបញ្ចប់ជំងឺរបេង តាមរយៈការពន្លឿនការស្វែងរកអ្នកដែលរស់នៅជាមួយមេរោគរបេងតែមិនទាន់បានធ្វើរោគវិនិច្ឆ័យ ឱ្យទទួលបានការពិនិត្យ និងធ្វើរោគវិនិច្ឆ័យជំងឺរបេង និងជួយពួកគេឱ្យទទួលបានការព្យាបាលទាន់ពេល។ បន្ថែមលើសពីនេះ គឺការជម្រុញឱ្យអ្នកដែលរស់នៅជាមួយអ្នកជំងឺរបេង រួមទាំងកុមារ ដែលមិនទាន់ធ្លាក់ខ្លួនឈឺ ទទួលបាននូវការព្យាបាលបង្ការជំងឺរបេងទាន់ពេលវេលា និងការផ្លាស់ប្តូរឥរិយាបថហានិភ័យសុខភាពផ្ទាល់ខ្លួន តាមរយៈការទទួលបាននូវសារអប់រំសុខភាពនៅតាមសហគមន៍ និងតាមរយៈយន្តការផ្សព្វផ្សាយផ្សេងៗ ដើម្បីឱ្យកម្ពុជាឆ្ពោះទៅ រកការបញ្ចប់ជំងឺរបេងនាឆ្នាំ២០៣០ ។ 

ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោង SHIFT-TB និង SAPPHIRE នេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសុខាភិបាល អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ និងខេត្តត្បូងឃុំ  និងដៃគូអភិវឌ្ឍន៍៖ WHO, CCC, GIZ, USAID, UK-Health Section, UNICEF, DFAT and Health Section of Australian Embassy, Japanese Embassy, AFD and Regional Health Advisor និងបណ្តាញអ្នកជំងឺរបេងនៅកម្ពុជា ព្រមទាំងអង្គការពាក់ព័ន្ធដូចជា៖ IPC, HSD, CHC, OpASHA, CHAI, CRS, PSI និង FHI 360។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19