ខេត្តកំពង់ឆ្នាំង៖ ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅឆ្នាំបន្តរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងជូនពរជ័យសិរីសួស្ដីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ខាងមុខនេះពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង មន្ត្រីសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពទាំងអស់ក្របខណ្ឌខេត្តកំពង់ឆ្នាំងនិងក្នុងក្របខណ្ឌទូទាំងប្រទេស។
តាមរយៈលទ្ធផលនិងសមិទ្ធផលដែលទទួលបានពីឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមរដ្ឋលេខាធិការបានធ្វើការកោតសរសើរនិងគាំទ្រនូវការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលធ្វើឱ្យវិស័យសុខាភិបាលក្នុងខេត្តកំពង់ឆ្នាំងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងមានផែនការអនុវត្តជាក់លាក់សម្រាប់ឆ្នាំ២០២៥នឹងឆ្នាំបន្តបន្ទាប់ទៀត។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើការលើកទឹកចិត្ត និងផ្ដល់ជាអនុសាសន៍មួយចំនួនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់នៃមន្ទីរសុខាភិបាល ក៏ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទូទាំងខេត្តកំពង់ឆ្នាំង នូវចំណុចមួយចំនួនដូចខាងក្រោម៖
១-បន្តខិតខំផ្ដល់សេវាប្រកបដោយការទទួលខុសត្រូវ និងបង្កើនប្រសិទ្ធភាពគុណភាពនៃការផ្ដល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរថែមទៀតនៅគ្រប់មូលដ្ឋានសុខាភិបាលជាពិសេសនៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែក។
២-បន្តកិច្ចការធ្វើនិយ័តកម្មសេវាសុខាភិបាលឯកជនក្នុងខេត្តកំពង់ឆ្នាំងឱ្យផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋដោយការទទួលខុសត្រូវខ្ពស់ និងគោរពឱ្យបាននូវនីតិវិធីនិងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលដើម្បីធានាបាននៅសុខសុវត្ថិភាពដល់អ្នកជំងឺដែលមកទទួលសេវាព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលរបស់ខ្លួន។
៣-ពង្រឹងសាមគ្គីភាពនៅក្នុងអង្គភាពគ្រប់លំដាប់ថ្នាក់ពិសេសមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកនិងមន្ទីរសុខាភិបាលត្រូវបង្កលក្ខណៈស្រឡាញ់រាប់អាននិងយោគយល់គ្នាទៅវិញទៅមកនឹងចែករំលែកបទពិសោធន៍ទៅដល់សហភាតរៈរបស់ខ្លួននៅចំណេះជំនាញថ្មីៗដែលយើងទទួលបានពីការសិក្សាស្រាវជ្រាវ។
៤-បន្តការសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការត្រួតពិនិត្យតាមដាននិងលុបបំបាត់សេវាសុខាភិបាលខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង។
៥-ប្រធានមូលដ្ឋានសុខាភិបាលជាពិសេសមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែក ត្រូវខិតខំរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើងនិងមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ រួមទាំងជំរុញការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងមូលដ្ឋានសុខាភិបាលរបស់ខ្លួនឱ្យកាន់តែមានសមត្ថភាពថែមទៀត។
ជាទីបញ្ចប់ អង្គពិធីទាំងមូលពិសេសថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង បានទទួលយកនូវអនុសាសន៍ណែនាំ និងថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ជាពិសេសឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញលើកកម្ពស់គុណភាពនៃការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែមានកម្រិតល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
អង្គសន្និបាតនេះមានការអញ្ជើញចូលរួមពី ប្រធានមន្ទីរសុខាភិបាលនិងប្រតិភូអមដំណើរ លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមន្រ្តីសុខាភិបាលក្នុងខេត្តកំពង់ឆ្នាំង។