Cambodia
New Details

Image
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «ក្រុមគ្រូពេទ្យនៅគ្រប់មូលដ្ឋានសុខាភិបាល ត្រៀមជាស្រេចដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ជាមួយការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ។»
April 08, 2025

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមេសា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងអំពីការងារចុះពង្រឹងមូលដ្ឋានសុខាភិបាលសាធារណៈ ដោយត្រូវបន្តប្រើប្រាស់សូចនាករ និងធ្វើការតាមដាន ជាបន្តបន្ទាប់ (Check list) លើការវិវត្តន៍នៃមូលដ្ឋានសុខាភិបាលនិមួយៗ ក្នុងការធ្វើឱ្យប្រសើរឡើងថែមទៀត ការផ្តល់ជូនសេវាសុខភាពបឋមដល់ប្រជាពលរដ្ឋ។ 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ថ្ងៃនេះក្រសួងសុខាភិបាល ដែលបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូល លើសេចក្តីព្រាងព្រះរាជក្រឹត្យ “លក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល” ជាពិសេសក្នុងចំណោមអង្គចំនួន៦ ដែលនឹងផ្តល់ជាអត្ថប្រយោជន៍ ដល់និស្សិតសិក្សាផ្នែកសុខាភិបាល និងមន្ត្រីសុខាភិបាលទាំងអស់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ដោយមន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការប្រចាំការ ជាពិសេសផ្នែកសង្រ្គោះបន្ទាន់ និងសង្រ្គោះបឋម ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដោយត្រូវរៀបចំផែនការឱ្យបានល្អិតល្អន់ និងសិក្សាអំពីហានិភ័យនៃគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។ ក្នុងនោះក៏ត្រូវបង្កើនការនូវការអប់រំសុខភាពផ្សេងៗ ការងារត្រៀមក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្រ្គោះបន្ទាន់ផងដែរ។ 

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមជូនពរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសខ្ពស់ ព្រមទាំងជូនពរក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ សូមជួបប្រទះសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចការងារ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16