រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល លោកជំទាវសាស្រ្តាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមប្រជុំស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបថ្នាក់ជាតិ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីរៀបចំផែនការអនុវត្ត រួមមាន (១) ពិនិត្យកែសម្រួលគណៈកម្មការ MPDSR ជាតិ និងថ្នាក់ក្រោមជាតិ (២) រៀបចំផែនការបណ្តុះបណ្តាលគ្រូបង្គោលបន្ថែមទៀតដល់មន្ទីរពេទ្យជាតិចំនួន៩ និង (៣) ពិនិត្យករណីមរណភាពមាតាជុំវិញកំណើត និងការឆ្លើយតប។
លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការបានមានប្រសាសន៍ក្នុងកិច្ចប្រជុំលើកទឹកចិត្តដល់គ្រូបង្គោលទាំង១២ រូប បន្តបណ្តុះបណ្តាលដល់គ្រូបង្គោលមន្ទីរពេទ្យជាតិទាំង៩ និងបណ្តុះបណ្តាលគណៈកម្មការ MPDSR ខេត្ត ដើម្បីបន្តបណ្តុះបណ្តាលដល់មន្ទីរខេត្ត និងស្រុកបន្តទៀត។ ការកាត់បន្ថយមរណភាពមាតា និងទារកនៅតែជាអាទិភាពខ្ពស់នៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជារបៀបវារៈដែលមិនទាន់បានបញ្ចប់។ ប្រព័ន្ធ MPDSR សង្កត់ធ្ងន់លើការកំណត់អត្តសញ្ញាណនៃបញ្ហាទាំងអស់របស់ស្ត្រី អាយុបន្តពូជដែលកើតឡើងនៅក្នុងសហគមន៍ និងបញ្ហាដែលកើតមាននៅមូលដ្ឋានព្យាបាលថែទាំសុខភាព បញ្ហាដែលបណ្តាលមកពីការមានគភ៌ ឬកំណើតកូន ឬផលវិបាកផ្សេងៗ ឬការគ្រប់គ្រង និងពិនិត្យមើលបញ្ហារបស់មាតាទាំងនោះ។
ឆ្លៀតក្នុងកិច្ចប្រជុំនេះតំណាងអង្គការ UNFPA បានបង្ហាញពីជំហានបន្ទាប់ដើម្បីឱ្យគណៈកម្មការ MPDSR រៀបចំផែនការសកម្មភាពបន្ទាប់ដើម្បីសម្រេចប្រសិទ្ធភាពការងារ។
លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណអង្គការ UNFPA ដែលបានផ្តល់ការគាំទ្រទាំងថវិកា និងបច្ចេកទេសដល់វគ្គបណ្តុះបណ្តាលដែលមានសារៈសំខាន់នេះ។