រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធបើកឲ្យដំណើរការជាផ្លូវការ មហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា។
មហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា បណ្តុះបណ្តាលលើថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ដែលមាននិស្សិតសរុប ៣៨នាក់ កំឡុងពេលសិក្សា៤ឆ្នាំ ជារៀងរាល់ឆ្នាំនិស្សិតត្រូវបំពេញកម្មសិក្សារយៈពេល ៤ ទៅ ៥សប្តាហ៍ នៅប្រទេសកូរ៉េ។ ក្រោយពេលបញ្ចប់ការសិក្សានិស្សិតនឹងមានឱកាសអាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសកូរ៉េ។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ តំណាងស្ថានទូតសាធារណៈរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ក្រុមហ៊ុន ប៊ូជុង ក្រុមហ៊ុន ប៊ូយុងខ្មែរ II តំណាងនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងសុខាភិបាល អ្នកជំនាញទទួលស្គាល់គុណភាពសុខាភិបាល តំណាងសាកលវិទ្យាល័យ ឆាំងស៊ីន ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតនៃមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា។