ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការបានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា អគារស្នាក់នៅ និងសមិទ្ធផលនានា នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ ស្ថិត នៅឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
វិទ្យាស្ថាននេះមានផ្ទៃដី សរុបប្រមាណ៨០ហិតា និងមានភារកិច្ច៖
១.បណ្តុះបណ្តាលសម្រាប់នាយទាហានដែលមានឋានន្តរសក្ដិ ពីអនុសេនីយ៍ឯក ដល់វរសេនីយ៍ត្រី គ្រប់ប្រភេទទ័ព
២.វិក្រិតការសម្រាប់នាយទាហាន ដែលមានឋានន្តរសក្តិថ្នាក់វរសេនីយ៍ត្រី ដល់ វរសេនីយ៍ឯក គ្រប់ប្រភេទទ័ព។
ក្រៅពីនោះមានវគ្គហ្វឹកហ្វឺនផ្សេងទៀតទៅតាមបទបញ្ជារបស់ អគ្គបញ្ជាការដ្ឋាន និងក្រសួងការពារជាតិ។
កម្មវិធីនេះមានការចូលរួមផងដែរពី ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការតាមបណ្តាក្រសួង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃក្រសួងការពារជាតិ និងសិក្ខាកាមយ៉ាងច្រើនកុះករ។