រាជធានីភំ្នពេញ៖ រសៀលថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក យិន ចំរើន អនុប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសំណើរសុំគោលការណ៍ផ្តល់ឋានន្តរស័ក្តិថ្នាក់វរអគ្គានុរក្ស ដល់បេក្ខជនជំនាញវិជ្ជាជីវៈសុខាភិបាលចំនួន ៧២រូប ដែលនឹងប្រឡងជ្រើសរើសចូលបម្រើការងារនៅតាមបណ្តាពន្ធនាគារក្នុងរាជធានីខេត្តទាំង២៥ និងមណ្ឌលអប់រំកែប្រែទាំង៤ ក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះបានពិភាក្សា និងពិនិត្យអំពីការសមមូលឋានន្តរស័ក្តិមន្រ្តីពន្ធនាគារជាមួយនឹងឋានន្តរស័ក្តិមន្រ្តីរាជការស៊ីវិល និងឯកសារគតិយុត្តពាក់ព័ន្ធនានាទាក់ទងលើសំណើរសុំគោលការណ៍ពិសេសនេះ ព្រមទាំងបានស្វែងយល់អំពីផលលំបាករបស់មន្រ្តីបម្រើនៅតាមបណ្តាពន្ធនាគារ។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ខៀវ ច័ន្ទប៉ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីជំនាញ សរុបប្រមាណ៣០រូប។