Cambodia
New Details

Image
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ចុះសួរសុខទុក្ខ និងពិនិត្យស្តង់ប្រចាំការរបស់ក្រុមគ្រូពេទ្យ ដើម្បីការពារសុខភាព ក្នុងព្រឹត្តិការណ៍អង្គរសង្រ្គាន្ត សៀមរាប
April 14, 2025

សៀមរាប៖ ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះសួរសុខទុក្ខ និងពិនិត្យស្តង់ក្រុមគ្រូពេទ្យ ដែលប្រចាំការនៅតាមទីតាំងនីមួយៗ ដើម្បីត្រៀមលក្ខណៈក្នុងការការពារសុខភាពជូនដល់ប្រជាជន និងភ្ញៀវទេសជាតិ អន្តរជាតិ ដែលអញ្ជើញចូលរួមទស្សនា កំសាន្តសប្បាយ នៅព្រឹត្តិការណ៍អង្គរសង្រ្គាន្ត ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩។ 

ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បាន សួរសុខទុក្ខ គាំទ្រ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានលះបង់ ក្នុងការចូលរួមការពារសុខភាពសាធារណៈ ក្នុងអំឡុងនៃពិធីបុណ្យចូលឆ្នាំថ្មី ដោយត្រូវផ្តោតសំខាន់  ១) ពង្រឹងការងារសង្រ្គោះបន្ទាន់ ការងារឆ្លើយតបទៅនឹងតម្រូវការសុខភាព របស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ២) ពិនិត្យនិងការគាំទ្រក្រុមគ្រូពេទ្យចល័ត ដើម្បីពង្រឹងការជួយសង្រ្គោះជួរមុខ ដែលចល័តក្នុងក្រុមអ្នកចូលរួមកំសាន្ត ជួយសង្រ្គោះបឋមមុននឹងបញ្ជូនទៅទីតាំងមណ្ឌលសុខភាព និងចង្អុលបង្ហាញនៅទីតាំងក្រុមគ្រូពេទ្យប្រចាំការ ៣) ទំនាក់ទំនងសម្របសម្រួលជាមួយផ្នែកពាក់ព័ន្ធទាំងឡាយ រវាងក្រសួងសុខាភិបាល និងអាជ្ញាធរដែនដី អ្នករៀបចំកម្មវិធីនិងអ្នកភ្ញៀវទេសចរណ៍ ៤) រៀបចំការការពារសុខភាពទាំងឡាយ ដូចជាអនាម័យ និងសុវត្ថិភាពម្ហូបអាហារ ដោយណែនាំអាជីវករ ត្រូវលាងដៃ ពាក់ស្រោមដៃ លាងសម្អាតជាដើម ៥) ត្រៀមលក្ខណៈបន្តទៀត ក្នុងការការពារ ដោយត្រូវគិតគូរ ឱ្យមាននិរន្តរភាពតទៅមុខរបស់ក្រុមគ្រូពេទ្យ និងក្រុមស្ម័គ្រចិត្ត ក្នុងគោលដៅរក្សាបាននូវសុខភាពអនាម័យ នៃពិធីបុណ្យឆ្នាំថ្មី រយៈពេល ៣ថ្ងៃនេះ ធ្វើយ៉ាងណា នាំមកនៅការថែទាំសុខភាពសាធារណៈ ការឆ្លើយតបបន្ទាន់ឱ្យកៀងជាប់នឹងប្រជាពលរដ្ឋ ភ្ញៀងទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលរួមមកទស្សនា។ 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ និងជូនពរឆ្នាំថ្មី ដល់ក្រុមគ្រូពេទ្យប្រចាំការ ដែលកំពុងបំពេញការងារយ៉ាងសស្រាក់សស្រាំង ក្នុងការបម្រើសេវាសង្រ្គោះបឋម ការការពារសុខភាព ក្នុងព្រឹត្តិការណ៍អង្គរសង្រ្គាន្ត ២០២៥។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ទទួលបាននូវសុខភាពល្អ និងធ្វើដំណើរកំសាន្តមានសុខសុវត្ថិភាព នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ។

សូមជម្រាបជូនថា ក្រសួងសុខាភិបាល បានរៀបចំក្រុមគ្រូពេទ្យប្រចាំការថ្នាក់ជាតិ និងថ្នាក់ខេត្ត ជាពិសេសក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប ចំនួន ២៨៨នាក់ ក្រុមការងារសម្របសម្រួលស ៣៦នាក់ និងរថយន្តគិលានសង្រ្គោះចំនួន ១៥ គ្រឿង ដើម្បីចូលរួមការពារសុខភាពជូនដល់សាធារណជន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានរៀបចំផែនការ និងរៀបចំទីតាំងនីមួយៗ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11