Cambodia
New Details

Image
ជំនួបពិភាក្សាការងារជាមួយ ក្រុមហ៊ុន ប៊ូយ៉ុង ខ្មែរ II ខូ អិលធីឌី លើការបណ្តុះបណ្តាលគិលានុបដ្ឋាក កម្រិតបរិញ្ញាបត្រ នៅមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា
April 18, 2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអនុញ្ញាតជូនលោកបណ្ឌិត LEE JOONG KEUN ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនប៊ូយ៉ុង ខ្មែរ II ខូ អិលធីឌី និងក្រុមការងារ ចូលជួបសំដែងការគួរសម ក្នុងគោលបំណងពិភាក្សាលើការសហការ និងការគាំទ្រដល់ការកិច្ចដំណើរការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក នៃមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា។ 

តំណាងក្រុមហ៊ុនប៊ូយ៉ុង ខ្មែរII ខូអិលធីឌី បានថ្លែងអំណរគុណដល់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានគាំទ្រ និងអនុញ្ញាតឲ្យមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា អាចធ្វើការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាកដោយប្រើប្រាស់កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាកូរ៉េ រួមបញ្ចូលគ្នា។ 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់ការខិតខំប្រឹងប្រែង ក្រុមហ៊ុនប៊ូយ៉ុង ខ្មែរII ខូអិលធីឌី តាមរយៈ មហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា ដែលបានបំពេញតាមនិយាមតម្រូវ ក្នុងការបើកដំណើរការ បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ដើម្បីរួមចំណេកផលិតធនធានមនុស្សផ្នែកគិលានុបដ្ឋាក។ មហាវិទ្យាល័យនឹងត្រូវធ្វើការបណ្តុះបណ្តាលយ៉ាងណា ឱ្យនិសិ្សតដែលបញ្ចប់ការសិក្សាមានសមត្ថភាពខ្ពស់ អាចប្រឡងចេញថ្នាក់ជាតិជាប់ក្នុងអត្រាខ្ពស់ រួមទាំងអាចប្រឡងយកអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ នៅប្រទេសកូរ៉េបាន។ និស្សិតដែលបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា នឹងមានឱកាសបន្តការសិក្សាកម្រិត បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត តទៅទៀតបាននៅប្រទេសកូរ៉េផងដែរ។

ជំនួបពិភាក្សាការងារនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេស លោកស្រីប្រធាននាយកដ្នានអភិវឌ្ឍន៍ធនធានមនុស្ស និងលោកស្រីប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14