Cambodia
New Details

Image
ទស្សនកិច្ចសិក្សាបន្ត អំពីសមិទ្ធិលទ្ធភាពគម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យកម្ពុជា-បារាំង នៅកម្ពុជា ដោយប្រតិភូបារាំង AP-HP International
April 22, 2025

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូបារាំងមកពីបណ្តាញមន្ទីរពេទ្យសាកលវិទ្យាល័យក្រុងប៉ារីស ប្រទេសបារាំង (Assistance Publique – Hôpitaux de Paris, AP-HP International) ដែលទទួលបានថវិកាពីក្រសួងសេដ្ឋកិច្ចបារាំង ដើម្បីធ្វើការសិក្សាសមិទ្ធិលទ្ធភាព ក្នុងរៀបចំបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យទំនើប កម្ពុជា-បារាំងនៅកម្ពុជា។ បេសកកម្មលើកទី៣របស់ក្រុមការងារខាងលើ គឺដើម្បីជម្រាបជូន និងពិគ្រោះយោបល់អំពីលក្ខណៈបច្ចេកទេសការងារវិស្វកម្ម សម្ភារបរិក្ខារវេជ្ជសាស្ត្រ ការរៀបចំផែនការថវិកា ការគ្រប់គ្រង និងការបណ្តុះបណ្តាលធនធានមនុស្ស។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណនូវការខិតខំប្រឹងប្រែងរបស់ក្រុមការងារជំនាញរបស់ AP-HP និង ក្រុមហ៊ុន VINCI Construction Grands Projetsដែលបាននិងកំពុងមមាញឹកក្នុងការសិក្សាលម្អិតគម្រោងមន្ទីរពេទ្យមិត្តភាពកម្ពុជា-បារាំង ដែលនឹងក្លាយជាគ្រឹះស្ថានសុខាភិបាលសាធារណៈកម្រិតអន្តរជាតិថ្មីមួយទៀត ព្រមទាំងជាមូលដ្ឋានគាំទ្រការបណ្តុះបណ្តាលជំនាញវេជ្ជសាស្ត្រផងដែរ។ លោក Marc BOUCHE នាយកគម្រោងរបស់ក្រុមហ៊ុន AP-HP បានថ្លែងអំណរគុណចំពោះការគាំទ្រ និងគំនិតផ្តួចផ្តើមពី ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមគ្នាជាមួយឯកឧត្តមអគ្គរដ្ឋទូតបារាំង លើគម្រោងផែនការប្រកបដោយមហិច្ឆិតាខ្ពស់ដែលចូលរួមគាំទ្រដោយក្រសួងសេដ្ឋកិច្ច នៃសាធារណៈរដ្ឋបារាំង តាមរយៈស្ថានទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជានេះ។ 

ក្រុមការងារបច្ចេកទេសបារាំង បានធ្វើបទបង្ហាញ និងពិភាក្សាលើលក្ខណៈបច្ចេកទេសនៃការងារវិស្វកម្ម សម្ភារបរិក្ខារវេជ្ជសាស្ត្រ ការគ្រប់គ្រង និងការបណ្តុះបណ្តាលធនធានមនុស្ស។ តាមគម្រោងសិក្សាអំពីលទ្ធភាព មន្ទីរពេទ្យនេះនឹងអាចមានសមត្ថភាពបម្រើសេវាវេជ្ជសាស្ត្រទូទៅ និងការព្យាបាលកម្រិតឯកទេសរួមមានការសង្គ្រោះបន្ទាន់កម្រិតខ្ពស់បំផុត ការវះកាត់ជំងឺបេះដូង ប្រព័ន្ធប្រសាទ ជំងឺមហារីក និងការវះកាត់ប្តូរសរីរៈស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ 

ក្នុងនាមឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងបញ្ជាក់ជំហរគាំទ្រជាគោលការណ៍ ចំពោះលទ្ធផលសម្រេចបានជាបន្តបន្ទាប់ និងផែនការបន្តរបស់ក្រុមការងារខាងលើ ក្នុងការរៀបចំបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យមិត្តភាពកម្ពុជា-បារាំង ដែលនឹងក្លាយជាមន្ទីរពេទ្យសាកលវិទ្យាល័យកម្ពុជា-បារាំងទី១នៅកម្ពុជា ជាមួយសមត្ថភាព និងគុណភាពលំដាប់អន្តរជាតិ រួមគ្នាបម្រើសេវាដោយអ្នកជំនាញខ្មែរ និងបារាំងដែលមានគុណវុឌ្ឍិច្បាស់លាស់ ដែលជានិម្មិត្តរូបនៃចំណងសាមគ្គីភាពនិងមិត្តភាពកម្ពុជា-បារាំងដែលមានប្រវត្តិជួយលើការកសាង និងពង្រឹងផ្នែកវេជ្ជសាស្ត្រនៅកម្ពុជាជាយូរមកហើយ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10