រាជធានីភ្នំពេញ ៖ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រ ក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបណ្ដាញយេនឌ័រតាមក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងការរៀបចំផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
កិច្ចប្រជុំនេះមានគោលបំណង៖
១. ការវិភាគបញ្ហាយេនឌ័រ និងអំណះអំណាងយេនឌ័រ តាមវិស័យពាក់ព័ន្ធ
២. ការពង្រឹងបណ្តាញ និងការចូលរួមរបស់ GMAGs អំពីNDC 3.0និងធាតុចូលសំខាន់ៗ
៣. កិច្ចសន្ទនាយេនឌ័រ និង NDC 3.0 ក្នុងកិច្ចសហការជាមួយក្រសួងបរិស្ថាន
៤. ការបញ្ជ្រាបយេនឌ័រ ក្នុងដំណើរការរៀបចំផែនការជាតិនិងព្រឹត្តិការណ៍ពាក់ព័ន្ធ NDC 3.0
៥. សហការជាមួយ GMAGs ក្នុងការបញ្ចូលយេនឌ័រ ក្នុងសេចក្តីព្រាង NDC តាមវិស័យ
៦. ការផ្តល់យោបល់ លើសេចក្តីព្រាង NDC 3.0។
សមាជិកនៃអង្គប្រជុំបានស្តាប់ការធ្វើបទបង្ហាញស្តីពីដំណើរការរៀបចំផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ ( NDC 3.0 ) ដោយលោកស្រីតំណាងនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថាន និង បទបង្ហាញស្តីពីគំនិតផ្តួចផ្តើម និងការផ្តល់ធាតុចូលគន្លឹះ ស្តីពីយេនឌ័រនៅក្នុងNDC 3.0តាមក្រសួង-ស្ថាប័នដោយទីប្រឹក្សា ADB ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានសមាសភាពអញ្ជើញចូលរួមតំណាងមកពីតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រមាណ ៦២ នាក់ (ស្រី៥២នាក់)។