រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ស្ដីពីកិច្ចពិភាក្សាបញ្ចប់គម្រោងយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិសម្រាប់សុវត្ថិភាពម្ហូបអាហារ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គនាយក អគ្គនាយករង និងមន្រ្តីបង្គោលតំណាងឱ្យក្រសួងពាក់ព័ន្ធចំនួន ៦ រួមមាន៖ ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៌ ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការសុខភាពពិភពលោក (WHO) ។
សិក្ខាសាលានេះមានគោលបំណង៖
១. បញ្ចប់យុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិសម្រាប់សុវត្ថិភាពម្ហូបអាហារ (NSAPF) ឆ្នាំ២០២៥ - ២០៣៥
២. ពិភាក្សាអំពីទម្រង់នៃការអនុវត្ត និងការកៀរគរធនធាន។
ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោក ដែលបានគាំទ្រទាំងបច្ចេកទេស និងថវិកាក្នុងការរៀបចំសិក្ខាសាលានេះឡើង។ លោកជំទាវរដ្ឋលេខាធិការ ក៏បានសំណូមពរ ដល់ថ្នាក់ដឹកនាំរបស់ក្រសួងពាក់ព័ន្ធទាំង៦ បន្តធ្វើការសហការគ្នាយ៉ាងជិតស្និតតាមរយៈក្រុមការងារបច្ចេកទេស ជាមួយគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ នៅកម្ពុជា ឱ្យកាន់តែប្រសើរ និងការផ្សព្វផ្សាយលទ្ធផលនៃយុទ្ធសាស្រ្ត និងផែនការសកម្មភាពនេះ ដល់ដៃគូពាក់ព័ន្ធ និងថ្នាក់ក្រោមជាតិឱ្យបានទូលំទូលាយ។