Cambodia
New Details

Image
ការចុះពិនិត្យមណ្ឌលសុខភាពចំនួន៨ (ជុំទី២) របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ
April 27, 2025

រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥  ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងនោះថ្នាក់ដឹកនាំក្រសួងសុខាភិបាលដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយ  លោកវេជ្ជ. ឃូ អ៊ាងអ៊ូ  អនុប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល និងលោក ស្រ៊ន សៀវប៉ាវ មន្រ្តីជំនួយការ បានចុះទៅពិនិត្យមណ្ឌលសុខភាពចំនួន៨ (ជុំទី២) របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ។ 

ការចុះត្រួតពិនិត្យនេះធ្វើឡើង ដើម្បីជួយគាំទ្រ ជំរុញ លើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។ 

ក្នុងបេសកកម្មនេះក្រុមការងារបានជួបប្រជុំ និងមានការអញ្ជើញចូលរួមពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមេគង្គ និងថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាសាក់ ហើយពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ៩ចំណុច៖ 

១) ហេដ្ឋារចនាសម្ព័ន្ឋសុខាភិបាលដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព

២) ធនធានមនុស្សវិស័យសុខាភិបាលដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស

៣) ការគ្រប់គ្រង ការចែកចាយឱសថ និងវ៉ាក់សាំង រួមទាំងការបំពាក់សម្ភារៈ បរិក្ខារពេទ្យបនែ្ថម  និងការគ្រប់គ្រងឱសថ

៤) ការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ

៥) ការបំពេញការងារប្រចាំការ និងបម្រើសេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍

៦) ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង

៧) ការបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ

៨) ជំរុញលើកកម្ពស់លើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបានសន្តិសុខសុវត្ថិភាព

៩) ការបណ្ដុះបណ្ដាលបន្ថែមលើការងារបច្ចេកទេស និងប្រព័ន្ធឌីជីថល។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។  

គួរបញ្ជាក់ផងដែរថា មណ្ឌលសុខភាពទាំង៨ ទីតាំងមានដូចជា មណ្ឌលសុខភាព កោះដាច់  ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមេគង្គ និងមណ្ឌលសុខភាព ស្ទឹងមានជ័យ ច្បារអំពៅ និរោធ  ព្រែកឯង ក្បាលកោះ ព្រែកថ្មី ចាក់អង្រែ ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាសាក់ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15