រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវ រ័ត្ន បូតា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត និងជាទីប្រឹក្សាក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនSunwah SmartMed Limited ដើម្បីពិភាក្សាការងារ និងសិក្សាស្វែងយល់ពីឱកាសវិនិយោគលើផ្នែកមន្ទីរពិសោធន៍វេជ្ជសាស្ត្រ សេវាសុខាភិបាលឆ្លងដែន ការប្រើប្រាស់កាំរស្មីអេឡិចត្រុងថាមពលខ្ពស់ និងដំណោះស្រាយសុខាភិបាលឌីជីថល និងឱកាសវិនិយោគលើវិស័យសុខាភិបាល នៅប្រទេសកម្ពុជា។
ជាបឋម លោកជំទាវទីប្រឹក្សាក្រសួងសុខាភិបាល បានស្វាគមន៍ Mrs. Sofia Fang Country Representative, Sunwah Group in Cambodia និងសហការី ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ Mrs. Sofia Fang Country Representative Sunwah Group in Cambodia វាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងឥតឈប់ឈររបស់ប្រទេសកម្ពុជានាពេលកន្លងមក ក្នុងនោះវិស័យសុខាភិបាល គឺជាវិស័យមួយដែលមានវឌ្ឍនភាពយ៉ាងឆាប់រហ័សក្នុងរយៈពេលចុងក្រោយនេះ។
លោកជំទាវទីប្រឹក្សាក្រសួងសុខាភិបាល បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមហ៊ុន Sunwah Group ដែលមានបំណងចូលរួមដើម្បីអភិវឌ្ឍន៍ក្នុងវិស័យសុខាភិបាល តាមរយៈការសិក្សាស្វែងយល់អំពីដើម្បីវាយតម្លៃស្ថានភាពបច្ចុប្បន្នក្នុងវិស័យសុខាភិបាលនៅប្រទេសកម្ពុជា។ ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕