Cambodia
New Details

Image
ពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលឆ្នាំ២០២៤ និងទិសដៅការងារបន្ត ឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង
April 27, 2025

ខេត្តកោះកុង៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបសមទ្ធិផលការងារសុខាភិបាលឆ្នាំ២០២៤ និងទិសដៅការងារបន្ត ឆ្នាំ២០២៥ នៅរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍សង្ខេបលទ្ធផលអង្គសន្និបាតដោយ ឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្តកោះកុងរួចមក លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំសម្រាប់យកទៅអនុវត្តន៍ដោយអាជ្ញាធរមូលដ្ឋាន ផ្នែកពាក់ព័ន្ធ ដៃគូសុខាភិបាល និងនៅតាមបណ្តាមូលដ្ឋានសុខាភិបាល ដែលមានជាសង្ខេបដូចខាងក្រោម៖

១) រដ្ឋបាលខេត្ត ត្រូវជំរុញដំណើរការនៃក្រុមការងារអន្តរវិស័យ PHC-BIF ថ្នាក់ខេត្ត ឱ្យមានភាពបុរេសកម្ម និងចាត់ចែងឱ្យមានក្រុមការងារថ្នាក់ក្រុង/ស្រុក សង្កាត់/ឃុំ ជាបន្តបន្ទាប់ ហើយបន្តអនុវត្តន៍ផែនការឆ្នាំ២០២៥ ស្របទៅតាមសកម្មភាពស្នូលទាំង៦ របស់ PHC-BIF ដោយមានការប្រជុំ តាមដាន និងអភិបាលកិច្ចជាទៀងទាត់ 

២) បង្កើនការគ្របដណ្តប់ និងការប្រើប្រាស់សេវា និងព័ត៌មានសុខភាព ឱ្យមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពជូនដល់ប្រជាជន តាមរយៈការផ្តល់សេវាថែទាំសុខភាព ដែលមានគុណភាព ស្របតាមពិធីសាស្រ្តជាតិ ឬស្តង់ដាប្រតិបត្តិ ពិសេសត្រូវសម្របសម្រួលដល់ការប្រើប្រាស់បណ្ណសេវាសង្គម (ប័ណ្ណមូលនិធិសមធ៌ម ប័ណ្ណប.ស.ស និងប័ណ្ណហានិភ័យ) នៅតាមមូលដ្ឋានសុខាភិបាល ដោយបង្កើនចំណេះដឹង ផ្ដល់ព័ត៌មាន និងអប់រំពន្យល់ប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ និងជំរុញការប្រើប្រាស់ប័ណ្ណទាំងនេះឱ្យបានទូលំទូលាយ

៣) បន្តពង្រឹង និងពង្រីកមុខងារ និងសមត្ថភាពមណ្ឌលសុខភាពឱ្យកាន់តែរឹងមាំ ក្នុងការផ្តល់សេវាអប់រំសុខភាព សេវាបង្ការជំងឺ និងសេវាព្យាបាលដែលមានគុណភាព និងសុវត្ថិភាព

៤) បង្កើនការយល់ដឹងរបស់ប្រជាជន យុវជន និងកុមារ ក្នុងការបង្ការហានិភ័យនៃជំងឺឆ្លង និងជំងឺមិនឆ្លង អាហារូបត្ថម្ភ និងជំរុញការផ្លាស់ប្តូរឥរិយាបថហានិភ័យសុខភាព ព្រមទាំងជំរុញការយកចិត្តទុកដាក់ទទួលខុសត្រូវលើសុខភាពផ្ទាល់ខ្លួន តាមរយៈការអប់រំសុខភាពក្នុងមូលដ្ឋានសុខាភិបាល

៥) បង្កើនកិច្ចសហការរវាងវិស័យសុខាភិបាល និងវិស័យអប់រំ យុវជននិងកីឡា និងផ្នែកផ្សេងទៀត ដូចជាសាសនា ពិសេសនៅតាមសាលារៀន បញ្ជ្រៀបសារអប់រំសុខភាពប្រកបដោយនវានុវត្ត ឱ្យបានច្រើននៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ដើម្បីបណ្តុះអក្ខរកម្មសុខភាពដល់កុមារ និងយុវវ័យសិក្សា ឱ្យប្រតិបត្តិឥរិយាបថល្អ ចំពោះសុខភាព ហើយអាចក្លាយជាទម្លាប់ល្អ ពេញមួយជីវិតរស់នៅ

៧) បន្តកែលម្អគុណភាពសេវា និងពង្រឹងសមត្ថភាពបច្ចេកទេស នៃមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា សមស្របតាមនិយាមស្តង់ដា ពិសេសការបញ្ជូនជំងឺ និងកិច្ចការសង្គ្រោះបន្ទាន់ និងបន្តពង្រឹង និងពង្រីកសមត្ថភាពសុខាភិបាល និងការផ្គត់ផ្គង់ឱ្យបានកាន់តែប្រសើរ ក្នុងនោះ រួមមានហេដ្ឋារចនាសម្ព័នរូបវ័ន្ត សម្ភារ:-បរិក្ខាពេទ្យ និងឱសថ ហើយមណ្ឌលសុខភាពទាំងអស់ត្រូវរក្សាឱ្យបាននូវបរិស្ថានល្អ ភាពស្អាតបាត សោភ័ណភាពល្អ ពិសេសត្រូវមានបង្គន់អនាម័យស្អាត ដោយគិតសម្រាប់ជនមានពិការភាពផងដែរ

៧) ត្រូវថែរក្សាធនធានមនុស្សដែលមានសមត្ថភាព និងផ្ដល់លទ្ធភាពគ្រប់គ្រាន់ដើម្បីពួកគាត់អាចបំពេញការងារបានប្រកបដោយប្រសិទ្ធភាព ពិសេសត្រូវបង្កើនសមត្ថភាពបុគ្គលិកពេទ្យតាមរយៈការបង្កើតជាកម្មវិធីបណ្ដុះបណ្ដាលនានាទៅតាមជំនាញ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែក។

៨) ត្រូវពិនិត្យឡើងវិញ និងជំរុញដំណើរការជាប្រចាំនៃគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) និងការប្រជុំឱ្យបានទៀងទាត់មួយដងក្នុងមួយខែ ដោយមានរបៀបវារៈ បញ្ជីវត្តមាន និងរបាយការណ៍។ HCMC ត្រូវសហការជាមួយមណ្ឌលសុខភាព តាមរយៈក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) ធ្វើសម្រង់ទិន្នន័យក្រុមគោលដៅរួមមាន ស្ត្រីមានផ្ទៃពោះ អ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺលើសសម្ពាធឈាម រួចបង្កើតជាប្រព័ន្ធទំនាក់ទំនងអនឡាញ ដើម្បីក្តាប់នូវបញ្ហាសុខភាពប្រជាជនក្នុងតំបន់គ្របដណ្ដប់

៩) បន្តកៀរគរដៃគូអភិវឌ្ឍក្នុងការលើកកម្ពស់គុណភាពសុខាភិបាល សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ដោយពង្រឹងកិច្ចសហការ និងសហប្រតិបត្តិការឱ្យបានកាន់តែខ្លាំងក្លា ពិសេសត្រូវជ្រើសរើសភូមិ/ឃុំដែលមានសក្តានុពល អនុវត្តន៍ជាភូមិ/ឃុំគំរូលើការងារ PHC-BIF នេះផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18