ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ ស្តីពីការកែលម្អទឹកស្អាត និងអនាម័យ នៅមូលដ្ឋានព្យាបាល និងថែទាំសុខភាព (WASH FIT) នៅប្រទេសកម្ពុជា។
វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ មានគោលបំណង៖ ១) ស្វែងយល់ពីសាវតាទឹកស្អាត និងអនាម័យនៅមូលដ្ឋានព្យាបាល និងថែទាំសុខភាព និងការផ្សាភ្ជាប់ជាមួយនឹងកម្មវិធី ២) ស្វែងយល់ពីវិធីសាស្រ្ត WASH FIT និងសារៈសំខាន់របស់ WASH FIT ៣) បង្ហាញពីឧបករណ៍វាយតម្លៃទឹកស្អាត និងអនាម័យនៅមូលដ្ឋានព្យាបាល និងថែទាំសុខភាព ការវិភាគហានិភ័យ ផែនការកែលម្អ រួមទាំងការតាមដាន និងការវាយតម្លៃ ៤) ស្វែងយល់ពីផ្នែកបច្ចេកទេសសំខាន់ៗទឹកស្អាត និងអនាម័យនៅមូលដ្ឋានព្យាបាល និងថែទាំសុខភាព និងការដោះស្រាយភាពធន់នឹងអាកាសធាតុ ការគ្រប់គ្រង និងបរិយាបន្ត ៥) ផែនការសកម្មភាពឆ្ពោះទៅមុខនឹងត្រូវបានរៀបចំសម្រាប់ការដាក់ចេញ និងការអនុវត្ត។
Michele Paba ប្រធានផ្នែក WASH, Climate & Environment, UNICEF Cambodia បានលើកឡើងអំពីសេវា WASH ដែលជាមូលដ្ឋានសំខាន់ក្នុងការធ្វើឱ្យការអនុវត្តកម្មវិធីការបង្ការ និងត្រួតពិនិត្យការចម្លងរោគបានសម្រេចជោគជ័យ។ ការទទួលបានសេវា ទឹកស្អាត អនាម័យ និងការគ្រប់គ្រង់សំណល់វេជ្ជសាស្ត្រមិនមែនគ្រាន់តែជាតម្រូវការផ្នែកបច្ចេកទេសនោះទេប៉ុន្តែជាមូលដ្ឋានគ្រឹះនៃការអនុវត្តកម្មវិធីការបង្ការ និងត្រួតពិនិត្យការចម្លង (IPC) ។ សេវា WASH រួមចំណែកយ៉ាងសំខាន់ក្នុងការធានាបាននូវសុវត្ថិភាពសម្រាប់អ្នកជំងឺ គុណភាពនៃការថែទាំសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋដែលមកទទួលសេវា ព្រមទាំងធ្វើឱ្យប្រសើរឡើងដំណើរការក្នុងមន្ទីរពេទ្យទាំងមូល។ បន្ថែមពីនេះ សេវា WASH ចូលរួមចំណែកកាត់បន្ថយការចម្លងរោគតាមរយៈការថែទាំ និងព្យាបាលសុខភាព។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍បន្ថែមដូចតទៅ៖ ១) រៀបចំផែនទីបង្ហាញ ស្តីពីការពង្រឹងការអនុវត្តផ្អែកតាមគោលការណ៍របស់ WASH មានទាំងថវិកាបម្រុងសម្រាប់ដំណើរការ ២) រៀបចំហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងអនាម័យបរិស្ថានឱ្យបានត្រឹមត្រូវ យើងអ្នកបានចូលរួមវគ្គបណ្តុះបណ្តាលអាចធ្វើសំណើទៅប្រធានមន្ទីរពេទ្យ ដើម្បីឱ្យមានការគាំទ្រពីប្រធាន ៣) បន្តបណ្តុះបណ្តាលដល់មន្រ្តីយើងដែលមិនបានមករៀនឱ្យគាត់បានយល់ដឹង និងរៀបចំនៅកន្លែងសាលនីមួយៗឱ្យបានល្អ ៤) លើកកម្ពស់ការធ្វើអនាម័យដៃឱ្យកាន់តែល្អឡើង ៥) អប់រំអ្នកជំងឺ និងកំដរឱ្យអនុវត្តនាម័យដៃ អនាម័យបរិស្ថានឲ្យបានល្អ និង ៦) តាមដាន និងវាយតម្លៃការអនុវត្ត WASH ជារៀងរាល់ឆ្នាំ និងធ្វើរបាយការណ៍ស្តីពីការអនុវត្តមកមន្ទីរ និងក្រសួងសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យ លើកទឹកចិត្តឱ្យមន្ទីរពេទ្យដែលបានចូលរៀន សូមយកចំណេះដឹងដ៏មានសារៈសំខាន់នេះទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងសុំរៀបចំការវាយតម្លៃប្រចាំឆ្នាំដោយរួមបញ្ចូលសុចនាករដូចជា៖ ទឹកស្អាត បង្គន់អនាម័យ អនាម័យដៃ និង អនាម័យបរិស្ថាន។
ជាកិច្ចបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNICEF គ្រូឧទេស និងដៃគូរអភិវឌ្ឍន៍នានា បុគ្គលិកសុខាភិបាលទាំងអស់ដែលបានខិតខំប្រឹងប្រែង រក្សាឱ្យប្រជាពលរដ្ឋមានសុខភាពល្អ រស់នៅក្នុងបរិស្ថានស្អាត និងមានសុវត្ថិភាព។