ខេត្តក្រចេះ៖ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាពក្នុងខេត្តចំនួន ១៣ និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា អមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបំពេញបេសកកម្មនៅក្នុងខេត្តក្រចេះ ដើម្បី៖
១) ពិនិត្យ និងពង្រឹងការងារផ្តល់សេវានៅតាមមណ្ឌលសុខភាពដោយ អនុលោមតាមសំណុំសកម្មភាពអប្បបរមា សំដៅធ្វើឱ្យបានកាន់តែល្អប្រសើរឡើងនូវការផ្ដល់សេវាជូនប្រជាពលរដ្ឋ
២) ពង្រឹងដំណើរការនៃគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) និងលើកកម្ពស់ការយល់ដឹងរបស់ផ្នែកពាក់ព័ន្ធដើម្បីជំរុញបង្កើនការចូលរួមការអនុវត្តការថែទាំសុខភាពបឋម នៅថ្នាក់ក្រោមជាតិ
៣) ផ្តល់ការណែនាំនៅក្នុងកិច្ចប្រជុំ ស្តីពី “ផែនការឆ្នាំ២០២៥ ដើម្បីជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាមណ្ឌលសុខភាព” នៅក្នុងខេត្តក្រចេះ។
នៅក្នុងដំណើរបេសកកម្មនេះ លោកជំទាវរដ្ឋលេខាធិការ និងក្រុមការងារ ក៏បានជួបប្រជុំជាមួយគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពគោលាប់ រួមទាំងបានចុះពិនិត្យ និងណែនាំជំរុញការកែលម្អមណ្ឌលសុខភាពចំនួន១០ កន្លែងនៅក្នុងខេត្តក្រចេះ រួមមាន៖
- ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិឆ្លូង៖ មណ្ឌលសុខភាពតាមម៉ៅ ចំបក់ ខ្សាច់អណ្ដែត ពង្រ និងមណ្ឌលសុខភាពជ្រោយថ្ម
- ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិក្រចេះ៖ មណ្ឌលសុខភាពថ្មអណ្ដើក ដារ សណ្ដាន់ សំបុក និងមណ្ឌលសុខភាពគោលាប់។