ខេត្តកំពង់ចាម៖ នារសៀលថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបិទសិក្ខាសាលាបូកសរុបការងារផ្តល់ថ្នាំបង្ការប្រចាំឆ្នាំ២០២៤ និងរៀបចំផែនការសម្រាប់ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម ដែលរៀបចំដោយកម្មវីធីជាតិផ្ដល់ថ្នាំបង្ការ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ក្រោមការឧបត្ថម្ភថវិកាពីអង្គការ GAVI ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង៖
- ពិភាក្សាលើបច្ចុប្បន្នភាពនៃការផ្តល់ថ្នាំបង្ការ
- បូកសរុបរបាយការណ៍ និងពិនិត្យឡើងវិញនូវការងារផ្តល់ថ្នាំបង្ការ
- ពិភាក្សាស្ថានភាពនៃការផ្ទុះជំងឺកញ្ជ្រឹល និងការឆ្លើយតប
- ធ្វើផែនការសម្រាប់ឆ្នាំ២០២៥ និង ២០២៦។
ក្នុងឱកាសនោះផងដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានណែនាំឱ្យសមាជិក សមាជិកានៃអង្គសិក្ខាសាលា សូមយកចិត្តទុកដាក់អនុវត្តនូវគោលការណ៍ណែនាំ និងរបកគំហើញពីអង្គសិក្ខាសាលាឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកជំទាវរដ្ឋលេខាធិការ ក៏បានផ្តល់នូវអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
១) ត្រូវតាមដានពិនិត្យជាប្រចាំលើគុណភាពរបាយការណ៍អត្រាគ្របដណ្តប់វ៉ាក់សាំង
២) ត្រូវបន្តពង្រឹងសកម្មភាពតាមដានស្រាវជ្រាវជំងឺរបស់កម្មវិធី ទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងសេវាឯកជន ព្រមទាំងនៅតាមភូមិ/សហគមន៍ក្នុងតំបន់គ្របដណ្តប់របស់មណ្ឌលសុខភាព
៣) ត្រូវទប់ស្កាត់ការផ្ទុះរាលដាលនៃជំងឺកញ្រ្ជឹល និងធ្វើការឆ្លើយតបឱ្យបានទាន់ពេល
៤) ត្រូវយកចិត្តទុកដាក់ផ្តល់ថ្នាំបង្ការនៅនឹងមណ្ឌលសុខភាព និងនៅតាមភូមិឱ្យបានទៀងទាត់ទៅតាមផែនការ
៥) ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះភូមិ/សហគមន៍ងាយរងគ្រោះ និងពង្រឹងគុណភាពនៃការផ្តល់សេវានៅភូមិ/សហគមន៍ងាយរងគ្រោះទាំងនោះឱ្យបានជាប្រចាំ
៦) ត្រូវធ្វើការបណ្តុះបណ្តាលដល់បុគ្គលិកទទួលបន្ទុកការងារផ្តល់ថ្នាំបង្ការថ្មីទាំងអស់ និងការគាំទ្របច្ចេកទេសតាមរយៈការចុះអភិបាលការងារ និងការប្រជុំប្រចាំខែជាដើម
៧) ថ្នាក់ជាតិ ថ្នាក់រាជធានី/ខេត្ត និងថ្នាក់ស្រុកប្រតិបត្តិ ត្រូវជួយដល់មណ្ឌលសុខភាពក្នុងការរៀបចំផែនការសកម្មភាពលើកកំពស់សុខភាពសហគមន៍ ដោយសហការណ៍ជាមួយក្រុមទ្រទ្រង់សុខភាពភូមិ និងអាជ្ញាធរមូលដ្ឋាន
៨) ត្រូវធ្វើបច្ចុប្បន្នភាពលើបញ្ជីសារពើភណ្ឌបរិក្ខារប្រព័ន្ធត្រជាក់
សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានសមាសភាពចូលរួមសរុបចំនួន ១២៣នាក់ រួមមាន ប្រធាន និងតំណាងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងតំណាងអង្គការដៃគូរដូចជា WHO UNICEF CHAI ជាដើម។