រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋាន បុកគ្រឹះសាងសង់អគាររដ្ឋបាល នៃទីស្តីការក្រសួងសុខាភិបាល ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សេចក្តីសុខសប្បាយ និងសេចក្តីសុខចំរុងចម្រើន។
រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសមិទ្ធិផលជាច្រើនដែលស្តែងចេញពីភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសក្នុងវិស័យសុខាភិបាល ក្រោមការយកចិត្តទុកដាក់ គិតគូរ និងផ្តល់អាទិភាពដ៏ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ទៅលើសុខុមាលភាពប្រជាជន។
នាពេលនេះ អគាររដ្ឋបាលនៃទីស្តីការក្រសួងសុខាភិបាល ដែលមានកំពស់១១ ជាន់ ដំបូលទែរ៉ាស់ ប្រវែងបណ្តាល ៤៤.៦០ ម៉ែត្រ និងទទឹង ២២.៤៤ម៉ែត្រ ស្ថិតនៅលើវិថី សម្តេច ប៉ែន នុត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាសំណង់អគារថ្មីមួយទៀតនៃវិស័យសុខាភិបាល នឹងលេចចេញឡើងនាពេលខាងមុខនេះ។ អគារនេះ នឹងចូលរួមមួយចំណែកបន្ថែមទៀត ដោយឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ផ្តល់ភាពងាយស្រួល ដល់ការបម្រើសេវាផ្នែករដ្ឋបាល នៃសុខាភិបាល។