Cambodia
New Details

Image
វគ្គបណ្តុះបណ្ដាលតម្រង់ទិស តាមប្រព័ន្ធនិម្មិត(ZOOM)ស្តីពីការដៅផែនទីភូមិសាស្ត្រ(GIS) នៃសេវាសង្រ្គោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកទើបកើត(EmONC)និងការប្រើប្រាស់ ឧបករណ៍ EmONC
May 06, 2025

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្ដាលតម្រង់ទិស តាមប្រព័ន្ធនិម្មិត(ZOOM)ស្តីពីការដៅផែនទីភូមិសាស្ត្រ(GIS) នៃសេវាសង្រ្គោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកទើបកើត(EmONC) ដើម្បីប៉ាន់ប្រមាណរយៈពេលធ្វើដំណើរ ក្នុងគោលដៅ ពង្រឹងបណ្តាញនិងមុខងារនៃគ្រឹះស្ថានសេវា EmONC នៅប្រទេសកម្ពុជា និងការប្រើប្រាស់ឧបករណ៍វាយតម្លៃសេវា EmONC (EmONC Light assessment tool)។

វគ្គបណ្តុះបណ្តាលតម្រង់ទិសនេះ បានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដោយមានការឧបត្ថម្ភគាំទ្រពីអង្គការ UNFPA ក្នុងគោលបំណង បញ្ជ្រាបការយល់ដឹងពីឧបករណ៍វាយតម្លៃសេវា EmONC (EmONC Light assessment tool)។

លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ រំលឹកនូវការដាក់ឱ្យអនុវត្តសេវា EmONC របស់ក្រសួងសុខាភិបាលតាំងពីឆ្នាំ២០០៩មក ដែលជាកត្តាគន្លឹះក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងទារកដោយគោលដៅអភិវឌ្ឍប្រកបដោយចិរភាព (SDGs) ក្នុងឆ្នាំ២០៣០ បានកំណត់អត្រាស្លាប់របស់មាតា ត្រឹម ៧០ ក្នុង ១០០ ០០០ កំណើតរស់។ លោកជំទាវរដ្ឋលេខាធិការ បានបន្តទៀតថា ឧបករណ៍វាយតម្លៃសេវា EmONC (EmONC light assessment tool ) នេះ មានសារៈប្រយោជន៍ក្នុងការវាយតម្លៃ នៅតាមមូលដ្ថានសុខាភិបាល ដែលមានសេវា BEmONC និង សេវា CEmONC លើសម្ភារៈ ឱសថប្រើប្រាស់ ធនធានមនុស្ស សេវាប្រើប្រាស់ BEmONC និង CEmONC ដើម្បីប្រមូលទិន្នន័យបានទាន់ពេលវេលា ជាប់ជាប្រចាំរៀងរាល់ខែ ដើម្បីឱ្យអ្នកគ្រប់គ្រងអាចដោះស្រាយ នូវបញ្ហាខ្វះខាត និងកែលម្អគុណភាពសេវាបានកាន់តែប្រសើរ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានជូនដំណឹងដល់មន្ទីរសុខាភិបាល ស្រុកប្រតិបត្តិ អំពីសៀវភៅ គោលការណែនាំស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើតនិងការឆ្លើយតប(MPDSR reviewed)ថ្មីដែលបានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ដាក់ជូន។

វគ្គបណ្តុះបណ្តាលតម្រង់ទិស តាមប្រព័ន្ធនិម្មិតនេះ មានការចូលរួមបង្ហាញពីក្រុមជំនាញនៃអង្គការ UNFPA និងមានការចូលរួមពីប្រធាន/អនុប្រធានមន្ទីរ នៃរដ្ឋបាលខេត្ត រាជធានី ប្រធានគាំពារមាតា និងទារកខេត្ត ប្រធានស្រុកប្រតិបត្តិ ប្រធានផ្នែកសម្ភព ប្រធានផ្នែកទារក នាយសាសផ្នែកសម្ភព នាយសាលផ្នែកទារក ប្រធានមូលដ្ឋានសុខាភិបាល BEmONC ២៥ខេត្ត រាជធានី សរុប ១០០០នាក់។

Image 1
Image 2
Image 3
Image 4
Image 5