រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងក្រុមការងារជំនាញឯកទេសសម្រាប់ត្រួតពិនិត្យ និងតាមដានការអនុវត្តរបស់មូលដ្ឋានសុខាភិបាលឯកជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការបម្រើសេវាសុខាភិបាលឯកជនរបស់មន្ទីរពហុព្យាបាល សាកល ផ្លូវ២០០៤ ដែលមានទីតាំងផ្ទះលេខ៣៦ ផ្លូវណាគ្រី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានការចូលរួមពីឯកឧត្ដមសាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេសសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំ និងក្រុមការងារទទួលបន្ទុកសេវាឯកជននៃនាយកដ្ឋានមន្ទីរពេទ្យផងដែរ។
ឯកឧត្ដមរដ្ឋលេខាធិការ បានជម្រាបទៅមន្ទីរពហុព្យាបាលសាកលផ្លូវ២០០៤ អំពីតួនាទីភារកិច្ចរបស់ក្រុមការងារដែលតំណាងឱ្យថ្នាក់ដឹកនាំក្រសួងក្នុងការចុះជួយពិនិត្យគាំទ្រនិងពង្រឹងកិច្ចការបម្រើសេវាសុខាភិបាលរបស់មូលដ្ឋានសុខាភិបាលឯកជនឱ្យបានកាន់តែប្រសើរ និងសមស្របតាមនិយាម លិខិតបទដ្ឋានគតិយុត្តិ ដែលសំដៅលើគុណភាព ស័ក្តសិទ្ធភាព និងសុវត្ថិភាពខ្ពស់ជូនគ្រប់អ្នកជំងឺ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានជម្រាបទៅភាគីមន្ទីរពហុព្យាបាល អំពីអាទិភាពចម្បង៣ និងគោលការណ៍យុទ្ធសាស្ត្រទាំង ៩ចំណុច របស់ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រីព្រមទាំងភាពចាំបាច់ នៃកិច្ចសហការគ្នាល្អរវាងសេវាឯកជន និងសេវាសាធារណៈដែលជាសុខាភិបាលរួមតែមួយ ក្នុងទិសដៅបម្រើ សុខភាពជូនប្រជាជន។ បន្ទាប់ពីស្តាប់បទបង្ហាញ និងការចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើសេវាដែលមានក្នុងមន្ទីរពហុព្យាបាល ក្រុមការងារបានលើកពីចំណុចដែលត្រូវកែតម្រូវមួយចំនួន ដើម្បីឱ្យការងារបានកាន់តែល្អប្រសើរ។