រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដាក់ដំណើរការគម្រោង “អនុវត្តការសិក្សាស្រាវជ្រាវទៅលើការគ្រប់គ្រងរួមបញ្ចូលគ្នានៃជំងឺមិនឆ្លង” នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាយកដ្ឋានការពារសុខភាព Alliance for Health Policy and Systems Research អង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុប ស្ថាប័នស្រាវជ្រាវនៃប្រទេសថៃ ប្រទេសឥណ្ឌា ប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ូរ៉ូកូ ប្រទេសអេត្យូពា ប្រទេសហ្កាណា ប្រទេសនេប៉ាល់ និងប្រទេសស្រីលង្ការ។
កិច្ចប្រជុំនេះមានគោលបំណងដាក់អនុវត្តនូវអន្តរាគមន៍ពាក់ព័ន្ធនឹងជំងឺមិនឆ្លងដូចជាជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមនៅតាមទីតាំងមូលដ្ឋានសុខាភិបាល និងសិក្សាអំពីការអនុវត្តនោះ ដើម្បីផ្តល់លទ្ធផលនៃការស្រាវជ្រាវដែលមានលទ្ធភាពខ្ពស់ក្នុងការដាក់បញ្ចូលក្នុងគោលនយោបាយជាតិ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការ បានជម្រាបជូនអង្គសិក្ខាសាលាឱ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧នៃរដ្ឋសភា បានផ្តោតការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ការស្រាវជ្រាវ ដែលគោលបំណងសំខាន់នៃការសិក្សាស្រាវជ្រាវទាំងនោះ គឺដើម្បីប្រមូលរបកគំហើញតាមបែបវិទ្យាសាស្រ្តសម្រាប់ប្រើប្រាស់ជាធាតុចូលក្នុងការពិចារណាស្វែងរកចំណុចជាអាទិភាព និងការបង្កើតបទអន្តរាគមន៍ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងការលើកកម្ពស់សុខភាពនិងសុខុមាលភាពប្រជាជន។
ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋលេខាធិការ បានសំដែងការកោតសរសើរ ដល់ថ្នាក់ដឹកនាំ អ្នកស្រាវជ្រាវ និងមន្រ្តីទាំងអស់នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលបានខិតបំពេញការងារបំរើរដ្ឋាភិបាលដោយប្រើប្រាស់សមត្ថភាពជំនាញរបស់ខ្លួន និងសូមជំរុញឱ្យមន្រ្តីយើបង្កើនសមត្ថភាពស្រាវជ្រាវ និងបន្តការចែករំលែកចំណេះដឹងលើការសិក្សាស្រាវជ្រាវ ទៅដល់មន្ទីរពេទ្យផ្សេងៗ ក្នុងចលនាបង្កើនសមត្ថភាពសិក្សាស្រាវជ្រាវនៅក្នុងវិស័យសុខាភិបាលជាបន្ត និងសូមលើកទឹកចិត្តឱ្យវិទ្យាស្ថានជាតិសុខភាពសាធារណៈប្រែក្លាយខ្លួនជាវិទ្យាស្ថានឈានមុខក្នុងការសិក្សាស្រាវជ្រាវផ្នែកសុខភាពសាធារណៈនិងប្រព័ន្ធសុខាភិបាល ប្រកបដោយគុណភាពវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ និងចូលរួមគាំទ្រការរៀបចំគោលនយោបាយសុខាភិបាលជាតិ។