ខេត្តកំពង់ចាម៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ៨ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាពក្នុងខេត្តចំនួន ១៣ និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា អមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមសាស្រ្តាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបំពេញបេសកកម្មនៅក្នុងខេត្តកំពង់ចាម។
បេសកកម្មនេះមានគោលបំណងដូចខាងក្រោម៖
១) ពិនិត្យ និងពង្រឹងការងារផ្តល់សេវានៅតាមមណ្ឌលសុខភាពដោយ អនុលោមតាមសំណុំសកម្មភាពអប្បរិមាសំដៅធ្វើឱ្យបានកាន់តែល្អប្រសើរឡើងនូវការផ្ដល់សេវាជូនប្រជាពលរដ្ឋ
២) ជំរុញបង្កើនការចូលរួមការអនុវត្តការថែទាំសុខភាពបឋម នៅថ្នាក់ក្រោមជាតិ ដោយការលើកកម្ពស់ការយល់ដឹងរបស់ផ្នែកពាក់ព័ន្ធ និងតាមរយៈយន្តការពង្រឹងដំណើរការនៃគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC)
៣) ផ្តល់ការណែនាំនៅក្នុងកិច្ចប្រជុំ ស្តីពី “ផែនការឆ្នាំ២០២៥ ដើម្បីជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវាមណ្ឌលសុខភាព” នៅក្នុងខេត្តកំពង់ចាម។
នៅក្នុងដំណើរបេសកកម្មនេះ លោកជំទាវរដ្ឋលេខាធិការ និងក្រុមការងារ ក៏បានជួបប្រជុំជាមួយគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពស្ពឺ រួមទាំងបានចុះពិនិត្យ និងណែនាំជំរុញការកែលម្អមណ្ឌលសុខភាពចំនួន១៣ កន្លែងនៅ រួមមាន៖
- ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាធាយ៖ មណ្ឌលសុខភាព សំបូរ សណ្ដាន់
- ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំការលើ៖ មណ្ឌលសុខភាពស្ពឺ
-ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ចាម កំពង់សៀម៖ មណ្ឌលសុខសំបួរមាស និង មណ្ឌលសុខវាលវង់
- ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ជើងព្រៃ៖ មណ្ឌលសុខភាពស្តើងជ័យ ស្អាង សំពងជ័យ និងមណ្ឌលសុខភាពព្រីងជ្រុំ
- ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រៃឈរ៖ មណ្ឌលសុខភាពត្រពាំងព្រះ មៀន ល្វា និងមណ្ឌលសុខភាពស្រង៉ែ។