កំពត៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកអង្គសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធកម្មវិធីថវិកា និងចង្កោមសកម្មភាព។
គោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធកម្មវិធីថវិកា និងចង្កោមសកម្មភាព គឺពិភាក្សា ផ្លាស់ប្ដូរយោបល់ និងផ្តល់ទស្សនទានលើ៖
១) សេចក្តីព្រាងរចនាសម្ព័ន្ធកម្មវិធីថវិកាថ្មី រួមមាន កម្មវិធី អនុកម្មវិធី និងសូចនាករសម្រាប់តាមដាន និងវាយតម្លៃសមិទ្ធផលនៃកម្មវិធី និងអនុកម្មវិធី
២) លើសេចក្តីព្រាងចង្កោមសកម្មភាពដើម្បីឱ្យស្របតាមមុខងារ និងអាទិភាពរបស់អង្គភាព
៣) កំណត់សូចនាករចម្បងៗសម្រាប់តាមដានវឌ្ឍនភាពនៃការអនុវត្តចង្កោមសកម្មភាពនីមួយៗ។
អង្គសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី លោក តឹក សុភឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ លោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល និងលោក លោកស្រី តំណាងអង្គភាពថ្នាក់កណ្តាល និងមន្ទីរពេទ្យជាតិ ក្រោមឱវាទក្រសួងសុខាភិបាលទាំងអស់។