Cambodia
New Details

Image
សិក្ខាសាលាបង្កើតពិធីសារ និងឧបករណ៍ប្រមូលទិន្នន័យ សម្រាប់គម្រោងសិក្សា ស្តីពី “ការកាត់បន្ថយការប្រើប្រាស់ឱសថប្រឆាំងមេរោគមិនសមស្របសម្រាប់ ជំងឺរលាកសួតដែលឆ្លងពីសហគមន៍ តាមរយៈកម្មវិធីបណ្តុះបណ្តាលលើការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅមន្ទីរពេទ្យ”
May 10, 2025

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ១៣ កើត ខែ ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមពិធីបើកសិក្ខាសាលា ស្តីពីការរៀបចំការសិក្សា​ស្រាវជ្រាវ​លើគម្រោងកាត់បន្ថយភាពស៊ាំរបស់ឱសថប្រឆាំងមេរោគនៅកម្ពុជា​តាមរយៈការពង្រឹងការប្រាស់ឱសថប្រឆាំងមេរោគឱ្យបានសមស្រប។

“ការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានសមស្រប​ គឺជាកាតព្វកិច្ច​របស់​គ្រូពេទ្យ​ព្យាបាលម្នាក់ៗ”  ដែលជាគោលនយោបាយរបស់ក្រសួងសុខាភិបាល និងបានលើកឡើងដោយ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ នាពិធីបើកសិក្ខាសាលា​។ ឯកឧត្តមសាស្រ្តាចារ្យ បានបង្ហាញពីផលប៉ះពាល់ជាអវិជ្ជមាន​ធ្ងន់ធ្ងរដល់អាយុជីវិត ពីភាពស៊ាំ​របស់ឱសថប្រឆាំងមេរោគ ដែលបណ្តាលឱ្យមានអ្នកស្លាប់ជាង ១ លាននាក់​នៅលើពិភពលោក ក្នុង១ឆ្នាំៗ ហើយការប្រើប្រាស់ឱសថប្រឆាំងមេរោគមិនសមស្រប នឹងនាំការចំណាយសម្រាប់ថែទាំសុខភាពដ៏ច្រើនលើសលប់។

គួររំលឹកផងដែរ ដើម្បីទប់ស្កាត់ភាពស៊ាំនៃឱសថប្រឆាំងមេរោគជាពិសេស ថ្នាំអង់ទីប៊ីយ៉ូទិក ក្រសួងសុខាភិបាល បានដាក់ផែនការកំណត់អោយមន្ទីរពេទ្យទាំងអស់ រៀបចំឱ្យមានប្រព័ន្ធគ្រប់គ្រង និងប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានសមស្របដោយត្រូវមាននិយាមស្តង់ដារសម្រាប់ជាជំនួយដល់គ្រូពេទ្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ក្នុងការជ្រើសរើសថ្នាំអង់ទីប៊ីយ៉ូទិក យោងទៅតាមស្ថានភាពជាក់ស្តែងជំងឺ និង ស្ថានភាពស៊ាំរបស់មេរោគបង្ក។

សម្រាប់ដំណាក់កាលដំបូងនេះ មានមន្ទីរពេទ្យថ្នាក់ជាតិចំនួន ២ (មន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសមៈ និងមន្ទីរពេទ្យតេជោសន្តិភាព) និង មន្ទីរពេទ្យបង្អែកខេត្តចំនួន៤ (មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ និង មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង) បានចូលរួមជាគំរូមុនគេ ដើម្បីប្រមូលយកទិន្នន័យ និងបទពិសោធន៍ សម្រាប់ពង្រីកប្រព័ន្ធគ្រប់គ្រងនិងប្រើប្រាស់ឱសថអង់ទីប៊ីយ៉ូទិកឱ្យសមស្របទៅតាមមន្ទីរពេទ្យទាំងអស់នៅទូទាំងប្រទេស។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី ក៏បានថ្លែងអំណរគុណ និងលើកទឹកចិត្ត វិទ្យាស្ថានជាតិសុខភាពសាធារណៈ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យកុមារអង្គរ អង្គការ KHANA និង University of Singapore បន្តខិតខំរិះរកភស្តុតាងវិទ្យាសាស្រ្តចេញពីការសិក្សាស្រាវជ្រាវ ដើម្បីប្រើប្រាស់ ជាធាតុចូលបន្ថែមទៀតសម្រាប់ពង្រឹងការប្រើប្រាស់ឱសថប្រឆាំងមេរោគ​នៅកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11