រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្រ្តីផ្នែកវិភាគព័ត៌មានវិទ្យា នៃនាយកដ្ឋានមន្ទីរពេទ្យ បានចូលរួមកិច្ចប្រជុំជាមួយ ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋាភិបាលឌីជីថល និងក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំគម្រោងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យសុខាភិបាល រួមមាន (១) ប្រព័ន្ធ Telemedicine (២) ប្រព័ន្ធគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជន (៣) ប្រព័ន្ធកត់ត្រាវេជ្ជសាស្រ្តអេឡិកត្រូនិក (Electronic Medical Record: EMR) និង (៤) ប្រព័ន្ធអេឡិកត្រូនិកកត់ត្រាការចាក់វ៉ាក់សាំង (Electronic Immunization Register: EIR)។
សូមគូសបញ្ជាក់ផងដែរថា ការរៀបចំប្រព័ន្ធទាំងនេះនឹងរួមចំណែកដល់ការឆ្លើយតបនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក៏ដូចជាអាទិភាពនិងយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ស្តីពីការចាប់យកបច្ចេកវិទ្យាក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ការអភិវឌ្ឍទំនើបកម្មប្រព័ន្ធព័ត៌មានសុខាភិបាល ក្នុងការលើកកម្ពស់ការបម្រើសេវាសុខាភិបាលកាន់តែរហ័ស និងមានប្រសិទ្ធភាព ដើម្បីប្រជាជនកម្ពុជាកាន់តែមានសុខភាពល្អ និងសុខុមាលភាពកាន់តែប្រសើរ។