រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី២ លើកទី៧ ដោយមានការចូលរួមពី ឯកឧត្តម លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌល។ ក្នុងនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល ក៏បានអញ្ជើញលោកប្រធានការិយាល័យសុវត្ថិភាពចំណីអារហារនៃនាយកដ្ឋានឱសថចំណីអារហារបរិក្ខាពេទ្យ និងគ្រឿងសំអាងចូលរួមផងដែរ។
គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពសកម្មភាពការងារត្រីមាសទីមួយ ឆ្នាំ ២០២៥ ដែលមានការរាយការណ៍លម្អិតអំពីលទ្ធផលការងារសំខាន់ៗ និងបញ្ហាប្រឈមប្រចាំត្រីមាស ព្រមទាំងវឌ្ឍនភាពចំណូលចំណាយ ប្រភពថវិកា និងការប្រើប្រាស់ថវិកាឱ្យមានប្រសិទ្ធភាព។
កិច្ចប្រជុំក៏ផ្តោតសំខាន់ក្នុងការបង្កើតយុទ្ធសាស្ត្រនីតិវីធី និងកំណត់ទិសដៅអភិវឌ្ឍន៍បន្តខាងមុខ សម្រាប់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដោយផ្តោតទៅលើពង្រឹងសមត្ថភាពបច្ចេកទេស និងឆ្លើយតបតាមស្តង់ដាអន្តរជាតិ។
បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តមប្រធាន ព្រមទាំងឯកឧត្តម លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌល បានបន្តធ្វើទស្សនកិច្ចទៅកាន់មន្ទីរពិសោធន៍សម្រាប់ការពិនិត្យចំណីអាហារ ដែលទើបបានកែសម្រួលថ្មីឡើងវិញ។ ឯកឧត្តមប្រធាន បានសម្ដែងការចាប់អារម្មណ៍ខ្ពស់ចំពោះបច្ចេកវិទ្យា និងការធ្វើព្យាសកម្មនូវឧបករណ៍ទាំងនោះ ដែលត្រូវបានប្រើប្រាស់ក្នុងការវិភាគគុណភាពចំណីអាហារ ដើម្បីធានាសុវត្ថិភាពចំពោះប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជាយើង។
ឯកឧត្តមប្រធាន បានបន្ថែមថា ការកែសម្រួលនូវមន្ទីរពិសោធន៍ផ្នែកបាក់តេរីសាស្រ្តក៏ដូចជារូបគីមីសាស្រ្តថ្មីនេះ ជាជំហានសំខាន់មួយក្នុងការពង្រឹងការត្រួតពិនិត្យ និងការអនុវត្តន៍គោលនយោបាយសុខាភិបាលជាតិ ដើម្បីការពារសុខភាពសាធារណជនក្នុងពេលបច្ចុប្បន្ននេះ ដូច្នេះមជ្ឈមណ្ឌលខិតខំស្វែងរកការបំពាក់ឧបករម៉ាស៊ីនពិសោធន៍ទំនើបៗបន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការបច្ចុប្បន្ននេះអោយទាន់ពេលវេលា។