Cambodia
New Details

Image
លទ្ធផលសិក្ខាសាលាសិក្សាស្រាវជ្រាវលើគម្រោង “កាត់បន្ថយភាពស៊ាំរបស់ឱសថប្រឆាំងមេរោគនៅកម្ពុជា”
May 10, 2025

រាជធានីភ្នំពេញ៖ សិក្ខាសាលាស្តីពីការរៀបចំការសិក្សាស្រាវជ្រាវលើគម្រោងកាត់បន្ថយភាពស៊ាំរបស់ឱសថប្រឆាំងមេរោគនៅកម្ពុជា តាមរយៈការពង្រឹងការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានសមស្រប ដែលបានចូលរួមបើកដោយ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ត្រូវបានបញ្ចប់ដោយជោគជ័យ។ ក្រៅពីទទួលលទ្ធផលដូចការរំពឹងទុក សិក្ខាកាមមន្ទីរពេទ្យជាតិ និងខេត្តបានយល់ដឹងស៉ីជម្រៅពីសារបាន និងគោលបំណងរបស់គម្រោង AMS-HICAP រួមទាំងកញ្ចប់អន្តរាគមន៍សម្រាប់ការប្រតិបត្តិគម្រោង ក្នុងនោះអ្នកចូលរួមទាំងអស់ បានផ្តល់នូវធាតុចូលសំខាន់ៗសម្រាប់កែលំអបទអន្តរាគមន៍ និងបានសម្រេចពង្រាងឧបករណ៍សម្រាប់ ធ្វើការវាយតំលៃ និងតាមដានការអនុវត្តរបស់គម្រោងនេះ។ មន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៦ ពាំនាំការតាំងចិត្តខ្ពស់របស់ខ្លួន បន្តចូលរួមរៀបចំគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យកាន់តែសមស្រប និងត្រៀមចែករំលែកបទពិសោធន៍នេះជាមួយមន្ទីរពេទ្យផ្សេងៗទៀត។

លើសពីនេះ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្រ្តីបង្គោលសម្រាប់គម្រោង AMS-HICAP បានបង្ហាញពីការតាំងចិត្តរបស់ខ្លួនធ្វើជាគំរូសម្រាប់ពង្រីកប្រព័ន្ធគ្រប់គ្រងនិងប្រើប្រាស់ឱសថអង់ទីប៊ីយ៉ូទិកឱ្យសមស្របនៅតាមមន្ទីរពេទ្យនៅទូទាំងប្រទេស។

សិក្ខាសាលានេះត្រូវបានសម្របសម្រួលពី វិទ្យាស្ថានជាតិសុខភាពសាធារណៈ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យកុមារអង្គរ អង្គការ KHANA និង National University of Singapore និងគាំទ្រដោយមជ្ឈមណ្ឌលអន្តរជាតិ “International Centre for Antimicrobial Resistance Solutions (ICARS)”។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14