Cambodia
New Details

Image
សិក្ខាសាលាបិទបញ្ចប់កម្មវិធីសង្គ្រោះទារក នៃអង្គការមន្ទីរពេទ្យកុមារអង្គរ
May 11, 2025

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបិទបញ្ចប់កម្មវិធីសង្គ្រោះទារក នៃអង្គការមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តព្រះវិហារ។


ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម យឹម បញ្ញា អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តមវេជ្ជ. គួង ឡូ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ លោកសាស្ត្រាចារ្យវេជ្ជ. ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ និងលោក លោកស្រី សមាជិក សមាជិកា នៃអង្គសិក្ខាសាលាជាច្រើនរូប។


ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងបានសំដែងនូវសេចក្តីសោមនស្សរីករាយក្នុងការចូលរួមសិក្ខាសាលាបិទបញ្ចប់កម្មវិធីសង្គ្រោះទារក របស់មន្ទីរពេទ្យកុមារអង្គរនៅពេលនេះ។ កម្មវិធីនេះបានកើតចេញពីគំនិតផ្តួចផ្តើមរបស់អង្គការមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលបានពង្រីកសកម្មភាពមកដល់ខេត្តព្រះវិហារចាប់តាំងពីឆ្នាំ២០១៨ និងបិទបញ្ចប់ក្នុងឆ្នាំ២០២៥នេះ ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចក្រសួងសុខាភិបាល ក្នុងគោលបំណងកាត់បន្ថយអត្រាមរណភាពទារក និងលើកកម្ពស់គុណភាពនៃការព្យាបាល និងថែទាំសុខភាពទារកទើបកើតនៅក្នុងខេត្តព្រះវិហារ។

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏ធំធេងរបស់មន្ទីរពេទ្យកុមារអង្គរ តាមរយៈបេសកកម្មផ្តល់សេវាសុខភាពសម្រាប់កុមារកម្ពុជា និងការបង្កើតនូវ «កម្មវិធីសង្គ្រោះទារក» នៅមន្ទីរពេទ្យបង្អែកខេត្ត១៦មករា និងមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត រួមទាំងបង្កើតឱ្យមានកន្លែងថែទាំទារកនៅតាមមណ្ឌលសុខភាពផងដែរ ដែលកិច្ចការនេះពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខភាពទារកដែលមានតម្រូវការក្នុងការថែទាំ និងព្យាបាល។ 

លោកជំទាវរដ្ឋលេខាធិការ បញ្ជាក់ថា ការគាំទ្រផ្នែកសម្ភារៈ និងឧបករណ៍ ការពង្រឹងចំណេះដឹងនិងជំនាញទៅដល់បុគ្គលិកសុខាភិបាល និងក្រុមទ្រទ្រង់សុខភាពភូមិអំពីការថែទាំទារក ពិតជាមិនអាចខ្វះបាន ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពថែទាំ ព្យាបាល និងការបញ្ជូនទាន់ពេលវេលាប្រកបដោយសុវត្ថិភាព។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ ក៏បានសំណូមពរដល់ថ្នាកដឹកនាំមន្ទីរសុខាភិបាលខេត្ត ការិយាល័យស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ក្នុងខេត្តព្រះវិហារ ត្រូវចូលរួមរក្សាឲ្យបាននូវសមិទ្ធិផលនានា ចំណេះដឹង និងជំនាញ ដែលកម្មវិធីសង្គ្រោះទារកនៃមន្ទីរពេទ្យកុមារអង្គរបានបង្កើតឡើង ដើម្បីបម្រើដល់ការពិនិត្យព្យាបាល ការថែទាំសុខភាពទារកប្រកបដោយគុណភាពខ្ពស់។ ម៉្យាងទៀត សូមឱ្យមន្ត្រីសុខាភិបាលខិតខំប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍន៍ជំនាញវិជ្ជាជីវះជាបន្ត និងប្រើប្រាស់សម្ភារៈ បរិក្ខារដែលទទួលបានពីកម្មវិធីនេះឱ្យបានល្អប្រសើរ ដើម្បីធានាក្នុងការផ្តល់សេវាសម្រាប់ទារក និងកុមារប្រកបដោយគុណភាព សក្តិសិទ្ធិភាព និងយូរអង្វែង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15