Cambodia
New Details

Image
សិក្ខាសាលាផ្សព្វផ្សាយ ”គោលនយោបាយ ស្តីពីការចូលរួមរបស់សហគមន៍ដើម្បីសុខភាព”
May 11, 2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកអង្គសិក្ខាសាលាផ្សព្វផ្សាយ ”គោលនយោបាយ ស្តីពីការចូលរួមរបស់សហគមន៍ដើម្បីសុខភាព” ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព និងមានការឧបត្ថម្ភថវិកាពី មូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF)។

សិក្ខាសាលានេះ មានគោលបំណង ផ្សព្វផ្សាយគោលនយោបាយ ស្តីពីការចូលរួមរបស់សហគមន៍ដើម្បីសុខភាព និងពិភាក្សាប្រមូលធាតុចូលបន្ថែមដើម្បីរៀបចំជាសេចក្តីណែនាំ ការអនុវត្តគោលនយោបាយ ស្តីពីការចូលរួមរបស់សហគមន៍ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ អាចអនុវត្តបានស្របតាមអាទិភាព និងបរិបទនាពេលបច្ចុប្បន្ន។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោក ចំនួនសរុប ១០៩រូប មកពីក្រសួងសុខាភិបាល រដ្ឋបាលរាជធានីខេត្ត មន្ទីរសុខាភិបាលរាជធានីខេត្ត ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍។

ក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងការកោតសរសើរ និងថ្លែអំណរគុណដល់ មន្ត្រីសុខាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានរួមចំណែកពង្រឹងយន្តការនៃការចូលរួមរបស់សហគមន៍ ដើម្បីសុខភាពកន្លងមក ធ្វើឱ្យប្រសើរឡើងនូវលទ្ធផលសុខភាពជាច្រើន ដូចជាការប្រយុទ្ធនឹងជំងឺឆ្លង របេង គ្រុនចាញ់ អេដស៍ ការលើកកម្ពស់សុខភាព មាតាទារក កុមារ និងអាហារូបត្ថម្ភជា ជាដើម។ ឯកឧត្តមរដ្ឋលេខាធិការ សង្កត់ធ្ងន់ថា ការការចូលរួមរបស់សហគមន៍ដើម្បីសុខភាព គឺជាយុទ្ធសាស្ត្រសំខាន់មួយ ដើម្បីសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល និងការពង្រឹងប្រព័ន្ធសុខាភិបាលដែលមានភាពធន់។

គោលនយោបាយថ្មីនេះ ផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្មយន្តការនៃការចូលរួម របស់សហគមន៍ដើម្បីសុខភាពបច្ចុប្បន្ន មានគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព(គ.គ.ម.ស.) និងក្រុមទ្រទ្រង់សុខភាពភូមិ(ក.ទ.ស.ភ.) ដោយពង្រឹងបណ្តាញទំនាក់ទំនងរវាងសហគមន៍ និងប្រព័ន្ធសុខាភិបាល ពង្រឹងភាពជាអ្នកដឹកនាំរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងយន្តការសហគមន៍ និងការលើកកម្ពស់ការប្រើប្រាស់ឌីជីថល និងនវានុវត្ត ដើម្បីជំរុញការចូលរួមរបស់សហគមន៍។ គោលនយោបាយនៃការចូលរួមរបស់សហគមន៍ដើម្បីសុខភាពថ្មីនេះ ស្របតាមការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការឆ្ពោះទៅសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕ 

ចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំ ដល់រដ្ឋបាលរាជធានីខេត្ត មន្ទីរសុខាភិបាល និងអង្គការដៃគូពាក់ព័ន្ធ សូមយកនូវខ្លឹមសារ នៃគោលនយោបាយនេះទៅរៀបចំយន្តពង្រឹងនូវយន្តការ នៃការចូលរួមរបស់សហគមន៍ឱ្យបានរឹងមាំក្នុងគ្រប់ដំណាក់កាល នៃការរៀបចំផែនការ ការផ្តល់សេវារួមទាំងសេវាអប់រំសុខភាព សេវាបង្ការ ព្យាបាលថែទាំ និងការតាមដានវាយតម្លៃ ការផ្តល់សេវា ព្រមទាំងការដោះស្រាយកត្តាហានិភ័យ ឬបញ្ហាប្រឈមសុខភាពផ្សេងៗ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13