ខេត្តសៀមរាប៖ នាថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧:៣០នាទីព្រឹក នៅសណ្ឋាគារសុខាល័យអង្គ ខេត្តសៀមរាប ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត ភុំ សំសុង ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក ជាសមាជិកគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ) បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធី និងវិធីសាស្ត្រនៃការអនុវត្ត និងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
សិក្ខាសាលានៅខេត្តសៀមរាប ជាសិក្ខាសាលាលើកទី៤ ចុងក្រោយក្នុងក្របខណ្ឌនៃការផ្សព្វផ្សាយនីតិវិធី និងវិធីសាស្ត្រនៃការអនុវត្តនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥ ក្នុងគោលបំណង ផ្សព្វផ្សាយអំពីនីតិវិធី និងវិធីសាស្ត្រនៃការអនុវត្តនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥ ដើម្បីធ្វើជាមូលដ្ឋានជំនួយជាស្មារតីសម្រាប់ការត្រៀមខ្លួនឱ្យបានគ្រប់លក្ខណៈសម្បត្តិតាមរយៈការយល់ច្បាស់ពីគោលកាណ៍នីតិវិធីនិងការអនុវត្តបានត្រឹមត្រូវតាមគោលការណ៍ណែនាំដូចបានកំណត់ក្នុងលិខិតបទដ្ឋានពាក់ព័ន្ធទាំងអស់។ អង្គភាពគោលដៅសម្រាប់ឆ្នាំ២០២៥ រួមមាន៖ សាលាបឋមសិក្សា អនុវិទ្យាល័យ សម្រាប់វិស័យអប់រំ និងមណ្ឌលសុខភាព សម្រាប់វិស័យសុខាភិបាល។
សិក្ខាសាលក៏មានការចូលរួមពីអ្នកពាក់ព័ន្ធនៃខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ និងខេត្តកំពង់ធំ ដូចជា៖ អភិបាល នៃគណៈអភិបាលខេត្ត ក្រុង ស្រុក មន្ត្រីរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ លោក លោកស្រី នាយក នាយិកា ប្រធានមណ្ឌលសុខភាព សរុបអ្នកចូលរួមជាង ៦៥០នាក់។