Cambodia
New Details

Image
សិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈសុខភាពផ្លូវចិត្ត និងអមសុខភាព
May 17, 2025

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមបើកសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការអភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈសុខភាពផ្លូវចិត្ត និងអមសុខភាព ដែលរៀបចំដោយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល។

សិក្ខាសាលានេះមានរយៈពេល ១ថ្ងៃ រៀបចំឡើងក្នុងគោលបំណង៖

– ពិភាក្សា និងកំណត់កម្មវិធីបណ្ដុះបណ្ដាលសម្រាប់ឯកទេស និងជំនាញសុខភាពផ្លូវចិត្ត និងជំនាញអមសុខភាព (Allied Health)  ដែលចាំបាច់សម្រាប់ប្រទេសកម្ពុជា

–  ស្វែងរកការគាំទ្រ សម្រាប់អភិវឌ្ឍកម្មវិធីបណ្ដុះបណ្ដាលឯកទេស និងជំនាញសុខភាពផ្លូវចិត្ត និងជំនាញអមសុខភាព (Allied Health)។

សូមបញ្ជាក់ផងដែរ សិក្ខាសាលាខាងលើនេះ មានការអញ្ជើញចូលរួមពី តំណាងមហាវិទ្យាល័យវេជ្ជសាស្រ្ត និងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នាយកដ្ឋានបុគ្គលិក មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ  មន្ទីរពេទ្យគន្ធបុប្ជា មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង និងសៀមរាប វេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា អ្នកជំនាញចិត្តវិទ្យា អង្គការសុខភាពពិភពលោក អង្គការ UNICEF ធនាគារពិភពលោក និងអង្គការមិនមែនរដ្ឋាភិបាល សរុប ៤០នាក់ ដោយគាំទ្រថវិកាដោយអង្គការ ឡូវ៉ែនសហប្រតិបត្តិការការអភិវឌ្ឍន៍ ។