សហព័ន្ធស្វីស៖ ព្រឹកថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមសាស្រ្តាចារ្យ សុខ ជួរ ទីប្រឹក្សាក្រសួង និងជាអគ្គនាយករងបច្ចេកទេសសុខាភិបាល បានអញ្ជើញចូលរួមធ្វើជាវាគ្មិនក្នុងព្រឹត្តិការណ៍អម “side Events ACAN (Acute Care Action Plan)” នៃមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨។
វេទិការនេះរៀបចំឡើង ដើម្បីរកវិធីក្នុងការជួយបង្កើតនូវផែនការសកម្មភាព (strategic Action) ដល់ប្រទេសសមាជិកអង្គការសុខភាពពិភពលោក ពិសេសប្រទេសដែលមានចំណូលទាប និងមធ្យមធ្វើយ៉ាងណាឱ្យការបម្រើសេវាផ្នែកសង្រ្គោះបន្ទាន់ ផ្នែកសង្រ្គោះជំងឺធ្ងន់ធ្ងរ និងជំងឺវះកាត់ ជាសេវារួមបញ្ចូលគ្នា និងមានលក្ខណៈពេញលេញបន្តគ្នា ទំនាក់ទំនងគ្នា មិនដាច់ និងមានប្រសិទ្ធភាព គុណភាព សុវត្ថិភាព ដល់គ្រប់អ្នកជំងឺដោយសមធម៌។ យន្តការ Strategies Action អាចជួយដល់ប្រទេសសមាជិក WHO ក្នុងការគ្រប់គ្រងបញ្ហាសុខភាពសាធារណៈ ការចែករំលែកចំណេះដឹង គំរូដោះស្រាយជាក់ស្តែងពីប្រទេសដទៃទៀត និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យសុខាភិបាល។
ក្នុងនាមក្រសួងសុខាភិបាលកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានបង្ហាញអំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់អនុវត្តផែនការពង្រឹងពង្រីកគុណភាពសេវាវះកាត់ សង្រ្គោះបន្ទាន់ និងជំងឹធ្ងន់ៗ។ ឯកឧត្តមសាស្រ្តាចារ្យ ចូលរួមបង្កើតយន្តការសុខភាព ដែលអាចដោះស្រាយបាន និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងសូមស្វាគមន៍នូវគម្រោងជួយឧបត្ថម្ភគាំទ្រពី ACAN និងដៃគូនានាផងដែរ។ ព្រឹត្តការណ៍អម (Side Event) គឺជាព្រឹត្តិការណ៍ផ្តោតលើ "ការអនុវត្តដោយផ្អែកលើសមត្ថភាព" និង "កិច្ចសហប្រតិបត្តិការតំបន់" ដើម្បីធានាបាននូវយុទ្ធសាស្ត្រដែលអាចអនុវត្តបានជាក់ស្តែង ដើម្បីចូលរួមបទពិសោធន៍ក្នុងស្រុក និងជួយដល់ប្រទេសដទៃទៀត ក្នុងការអនុវត្ត Strategies Action ដែលមានប្រសិទ្ធភាព និងចីរភាព។