ខេត្តកំពង់ចាម៖ ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រូបង្គោលថ្នាក់ជាតិពង្រឹងសមត្ថភាពសង្គ្រោះបន្ទាន់ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺនៅខេត្តកំពង់ចាម។
គោលបំណងនៃវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ និងបុគ្គលិកដែលបម្រើការងារនៅផ្នែកសង្គ្រោះបន្ទាប់និងប្រព័ន្ធបញ្ជូននៅតាមមន្ទីរពេទ្យ និងធ្វើជាគ្រូឧទ្ទេសនាមដើម្បីបណ្ដុះបណ្ដាលបន្តអំពីវិធីសង្គ្រោះបឋម និងប្រព័ន្ធបញ្ជូនទៅដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកដែលបម្រើការងារនៅតាមមណ្ឌលសុខភាព។
ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់ជាអនុសាសន៍ដល់សិក្ខាកាមទាំងអស់ឱ្យខិតខំត្រងត្រាប់ស្ដាប់ការពន្យល់ណែនាំ និងការចែករំលែកបទពិសោធន៍ពីក្រុមគ្រូបង្គោលថ្នាក់ជាតិដែលមកពីផ្នែកសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យជាតិដែលមានបទពិសោធន៍យូរឆ្នាំ និងណែនាំដល់សិក្ខាកាមទាំងអស់ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលនេះត្រលប់ទៅបំពេញការងារនៅតាមមន្ទីរពេទ្យរបស់ខ្លួនវិញឱ្យខិតខំយកចិត្តទុកដាក់បំពេញការងារឱ្យបានកាន់តែល្អប្រសើរជាងមុន និងធ្វើការចែករំលែកនៅចំណេះដឹងទាំងនេះទៅដល់សហភាតរៈជាគិលានុបដ្ឋាក និងគ្រូពេទ្យដែលបម្រើការងារនៅក្នុងមន្ទីរពេទ្យជាមួយគ្នា ដើម្បីជួយគ្នាក្នុងការផ្ដល់សេវាសង្គ្រោះបន្ទាន់នេះឱ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងមន្ទីរពេទ្យរបស់ខ្លួន ជាពិសេសត្រូវបំពេញភារកិច្ចក្នុងនាមជាបុគ្គលិកសុខាភិបាលដែលមានក្រមសីលធម៌វិជ្ជាជីវៈនឹងការទទួលខុសត្រូវខ្ពស់ដោយមានក្ដីស្រឡាញ់និងអាណិតទៅដល់អ្នកជំងឺ។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេលចំនួន៥ថ្ងៃ(ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥) ដោយធ្វើបទបង្ហាញទ្រឹស្តីចំនួន៣ថ្ងៃ និងការចុះអនុវត្តផ្ទាល់នៅផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនរបស់មន្ទីរពេទ្យខេត្តកំពង់ចាមចំនួន២ថ្ងៃ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំនាយកដ្ឋានមន្ទីរពេទ្យ ក្រុមគ្រូបង្គោលថ្នាក់ជាតិ ក្រុមសម្របសម្រួលពីការិយាល័យគិលានុបដ្ឋាកនិងឆ្មប និងសិក្ខាកាមចូលរួមសរុបចំនួន៥១រូប។