Cambodia
New Details

Image
ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងវេជ្ជសាស្រ្ត អង្គការស្នាមញញឹមកម្ពុជា បានចូលរួមកិច្ចប្រជុំលើកទី១៩ អង្គការស្នាមញញឹមតំបន់អាស៊ី នៅប្រទេសសឹង្ហបុរី
May 25, 2025

ប្រទេសសិង្ហបុរី៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី១៧  ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការនិងជានាយកគ្រប់គ្រងវេជ្ជសាស្រ្ត អង្គការស្នាមញញឹមកម្ពុជា រួមដំណើរដោយលោក ចាន់កុកចយ នាយកប្រត្តិបត្តិ អង្គការស្នាមញញឹមកម្ពុជា បានចូលរួមកិច្ចប្រជុំលើកទី១៩ នៃអង្គការស្នាមញញឹមតំបន់អាស៊ី នៅប្រទេសសឹង្ហបុរី។ 

កិច្ចប្រជុំនេះ បានពិភាក្សាអំពីគោលនយោបាយក្នុងការចងសម្ព័ន្ធភាពរវាងអង្គការវះកាត់ឆែបមាត់ សម្រាប់ប្រទេសទូទាំងតំបន់អាស៊ី ក្នុងកិច្ចសហប្រតិបត្តិការវះកាត់ជូនកុមារឆែបមាត់ និងពិការភាពមុខមាត់ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។ តំណាងប្រទេសចំនួនជាក្រុមប្រឹក្សាភិបាលនៃអង្គការស្នាមញញឹមតំបន់អាស៊ី រួមមានកម្ពុជាសិង្ហបុរី ចិន ឥណ្ឌា ជប៉ុន ហ្វីលីពីនអាមេរិក ដែលប្រទេសនីមួយៗបានលើកពីបច្ចុប្បន្នភាពសកម្មភាពវះកាត់ និងបានចែករំលែកនូវ បទពិសោធន៍ និងស្នាដៃដែលទទួលបាន និងរៀបចំផែនការអនុវត្តន៍សម្រាប់ឆ្នាំបន្ត។

បន្ទាប់ពីបទអន្តរាគមន៏ បង្ហាញដោយ លោក ចាន់កុកចយ រាយការណ៍ពីសកម្មភាពវះកាត់ ដើមឆ្នាំ២០២៥ថ្មីៗនេះ ដោយបានបន្តសហប្រតិបត្តិការ ជាមួយអង្គការអន្តរជាតិចំនួន៣ មកពីសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតចិន និងរ៉ូតារីក្លិប ប្រទេសម៉ាឡេស៊ី ទទួលសហការគាំទ្រ ពីថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែសូវៀត ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត សៀមរាប និងខេត្តកំពត ជាលទ្ធផលវះកាត់កុមារឆែបមាត់បានចំនួន ១២៧នាក់ ព្រមទាំងបានទទួលជំនួយឧបត្ថម្ភពី លោកជំទាវអភិបាលខេត្ត សប្បុរសជនក្នុង និងក្រៅប្រទេសជាច្រើន។ 

ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី បានលើកជូនក្នុងកិច្ចប្រជុំថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល អង្គការស្នាមញញឹមកម្ពុជាជួយវះកាត់កុមារដោយជោគជ័យចាប់តាំងពីឆ្នាំ២០០២ បានចំនួនសរុប៥៧០៧ករណី ដែលនេះជាតួលេខមួយក្នុងចំណោមតួលេខសរុប  ជាង៨ម៉ឺននាក់ ដែលអង្គការស្នាមញញឹមតំបន់អាស៊ីបានរួមគ្នាជួយវះកាត់។ ទន្ទឹមនេះ ជាមោទនភាពអង្គការស្នាមញញឹមកម្ពុជាធ្លាប់បានបញ្ជូនក្រុមគ្រូពេទ្យឯកទេសវះកាត់កម្ពុជា តាមការអញ្ជើញទៅចូលរួមបំពេញបេសកកម្មជាលក្ខណៈអន្តរជាតិនៅបណ្តាប្រទេសនានាដូចជាប្រទេសហ្វីលីពីន ឥណ្ឌា ឡាវ ថៃ បង់ក្លាដេស និងសាធារណរដ្ឋប្រជាមានិតចិនកន្លងមកផងដែរ។

នៅក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនិតិកាលទី ៧នៃរដ្ឋសភា ក្នុងនោះគន្លឹះអាទិភាពទីមួយ នៃការអភិវឌ្ឍន៍ធនធានមនុស្ស គឺការកែលម្អសុខភាព និងសុខភាព ប្រជាជន អង្គការស្នាមញញឹមកម្ពុជាទទួលបាននូវការណែនាំ និងគាំទ្រយ៉ាងពេញកំហឹងពី ឯកឧត្តមសាស្ត្រចារ្យ ឈាង រ៉ា់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយខិតខំវិធីបង្ការ និងការប្រមូលទិន្នន័យពិការភាពនេះ រៀបចំចងក្រងកម្មវិធីវះកាត់ដោយមាននិយាមច្បាស់លាស់ ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីថែទាំសុខភាពមាតា និងទារក អាចបង្កើតភាពរឹងមាំក្នុងប្រព័ន្ធសុខាភិបាលជាតិ ដើរតួនាទីសំខាន់ក្នុងការធានាគុណភាពជីវិតពិការភាពកុមារ លើកកម្ពស់សុខភាពជាតិ។

Image 1
Image 2
Image 3
Image 4
Image 5