រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកក្រុមការងារ "ជ" បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ នៃវេទិការរាជរដ្ឋាភិបាលផ្នែកឯកជន ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឧកញ៉ា ណាង សុធី សហប្រធានក្រុមការងារ "ជ" នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងដោះស្រាយសំណើរ និងសំណូមពររបស់វិស័យឯកជនដែលបានផ្ញើជូនក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណងបង្កើនបានបរិយាកាសនៃទំនាក់ទំនងវិជ្ជាជីវៈកាន់តែប្រសើរមួយកម្រិតបន្ថែមទៀត ក្នុងរោងចក្រសហគ្រាសដែលជាគន្លឹះសំខាន់ក្នុងការបន្តជួយជ្រោមជ្រែងឱ្យវិស័យឯកជនដំណើរការកាន់តែរលូន ដែលជាបំណង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕