Cambodia
New Details

Image
ក្រុមការងារចុះអភិបាលត្រួតពិនិត្យលើវឌ្ឍនភាពការងារផ្តល់សេវាសុខភាពមាត់-ធ្មេញ នៅតាមមូលដ្ឋានសុខាភិបាលរាជធានី-ខេត្ត
May 26, 2025

ចាប់ពីថ្ងៃទី២២ ដល់២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារផ្តល់សេវាសុខភាពមាត់-ធ្មេញ នៅមន្ទីរពេទ្យបង្អែកឆ្លូង មន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។

ក្រោយសកម្មភាពចុះត្រួតពិនិត្យជាក់ស្តែងអំពីស្ថានភាពទូទៅក្នុងផ្នែកផ្តល់សេវាសុខភាពមាត់-ធ្មេញ របស់មន្ទីរពេទ្យ ឯកឧត្តមរដ្ឋលេខាធិការក៏បានឆ្លៀតឱកាសសំណេះសំណាលសាកសួរសុខទុក្ខ ជូនដល់មន្ត្រីសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងប្រជុំពិភាក្សាបូកសរុបលទ្ធផលជាមួយ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត  ព្រមទាំងមន្រ្តីសុខាភិបាលពាក់ព័ន្ធ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍គន្លឹះចំនួន ៤ចំណុច សំដៅដល់គុណតម្លៃចម្បង នៃការងារផ្តល់សេវាសុខភាពមាត់-ធ្មេញគឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាពខ្ពស់ និងទំនុកចិត្តពីប្រជាពលរដ្ឋ ដូចខាងក្រោម៖

១) រៀបចំផែនការអភិវឌ្ឍន៍ការងារផ្តល់សេវា រួមមានផែនការរៀបចំកែលម្អ ផ្នែកសុខភាពមាត់-ធ្មេញ រចនាសម្ព័ន្ធបុគ្គលិក និងការស្នើសុំឧបករណ៍ សម្ភារៈ បរិក្ខារ និងឱសថសារវន្ដ ដែលមានតម្រូវការចាំបាច់ជាអាទិភាព។

២) រៀបចំផែនការអភិវឌ្ឍន៍ការងារអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមមូលដ្ឋានសុខាភិបាលសាធារណៈ សាលារៀន និងសហគមន៍ផ្សេងៗ ដើម្បីបញ្រ្ជាបការយល់ដឹងពីបញ្ហាប្រឈមនឹងជំងឺមាត់-ធ្មេញ។

៣) ពង្រឹងការងារកត់ត្រាទិន្នន័យអ្នកជំងឺ និងបញ្ចូលទៅក្នុងប្រព័ន្ធព័ត៌មានសុខាភិបាល ឱ្យបានត្រឹមត្រូវ។

៤) សូមឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាល សហការយកចិត្តទុកដាក់ ជម្រុញគាំទ្រសកម្មភាពផ្តល់សេវាសុខភាពមាត់-ធ្មេញ នៅគ្រប់មូលដ្ឋានសុខាភិបាលខ្លួន ជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ព្រមទាំងថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ដល់ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីសុខាភិបាលក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់ទាំងកម្លាំងកាយចិត្ត បំពេញការងារកន្លងមក ពិសេសដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តផ្ទាល់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមជំរុញគាំទ្រសកម្មភាពលើកកម្ពស់ការងារផ្តល់សេវាសុខភាពមាត់-ធ្មេញ និងបន្តអនុវត្តសកម្មភាពនេះបម្រើជូនប្រជាជនឱ្យកាន់តែប្រសើរឡើងថែមទៀត។

គួរបញ្ជាក់ផងដែរថា បេសកកម្មខាងលើ មានការចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង មន្ត្រីការិយាល័យសុខភាពមាត់-ធ្មេញ នៃនាយកដ្ឋានការពារសុខភាព មន្ត្រីបង្គោលសុខភាពមាត់-ធ្មេញ នៃមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីពាក់ព័ន្ធផងដែរ៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18