ដោយមានការអនុញ្ញតិពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃអង្គារ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០នាទីរសៀល ក្រសួងសុខាភិបាលបានរៀបចំកម្មវិធីចែករំលែកចំណេះដឹងនិងបង្ហាញពីការប្រើប្រាស់ PDIA សម្រាប់ស្វែងរកដំណោះស្រាយដើម្បីការអភិវឌ្ឍន៍អង្គភាព ជូនដល់ថ្នាក់ដឹកនាំនិងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៤២៣នាក់។
ក្រុមការងារនៃមជ្ឈមណ្ឌលស្រាវជ្រាវនិងគាំទ្រគោលនយោបាយនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានលើកយកបទបង្ហាញស្តីពីស្វែងរកដំណោះស្រាយដើម្បីពង្រើកសមត្ថភាពរបស់មជ្ឈមណ្ឌលស្រាវជ្រាវ អោយឆ្លើយតបទៅនឹងតួរនាទីនិងភារកិច្ចរបស់មជ្ឈមណ្ឌលដែលបានកំណត់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ បទបង្ហាញក៍បានបញ្ចូលពីកិច្ចការលំអិតដែលត្រូវធ្វើក្នុងតំណាក់កាលផ្សេងៗនៃការធ្វើ PDIA ដោយភ្ចាប់ជាមួយនឹងឧទាហរណ៍ជាក់ស្តែងនិងបញ្ហាប្រឈមមួយចំនួនដែលគួរយកចិត្តទុកដាក់ដើម្បីធានាថា បញ្ហាដែលជ្រើសមកដោះស្រាយមានសក្កានុពលក្នុងការជំរុញអោយការវិវឌ្ឍន៍ របស់អង្គភាព ហើយមូលហេតុដែលរកឃើញគឺជាឬសគល់ពិតប្រាកដរបស់បញ្ហាដែលកើតមាន។
បទបង្ហាញថ្ងៃនេះ អាចជាឧទាហរណ៍មួយនៃការប្រើប្រាស់ PDIA នៅក្នុងការដោះស្រាយបញ្ហានៅអង្គភាពថ្នាក់កណ្តាលបន្ថែមពីលើកបទបង្ហាញពីការប្រើប្រាស់ PDIA នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យនាពេលកន្លងមក។បទបង្ហាញនេះអាចជម្រុញអោយអង្គភាពថ្នាក់កណ្តាលផ្សេងៗទៀត ចូលរួមចែករំលកបទពិសោធន៍នៃការធ្វើ PDIA អោយកាន់តែទូលំទូលាយ សំដៅបង្កើនសមត្ថភាពមន្រ្តីសុខាភិបាលគ្រប់ជាន់ថ្នាក់លើការប្រើប្រាស់ PDIA សម្រាប់ស្វែងរកការអភិវឌ្ឍន៍អោយស្របតាមចក្ខុវិស័យរបស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីសុខភិបាល។