រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដំណើរដោយ លោកស្រីសាស្រ្តាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានអញ្ជើញជាគណអធិបតីក្នុងពិធីប្រគល់ម៉ូតូចំនួន ៨៤គ្រឿង ជូនដល់មន្រ្តីកម្មវិធីផ្ដល់ថ្នាំបង្ការថ្នាក់ក្រោមជាតិ ចំនួន ១១ ខេត្ត រួមមាន៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តឧត្តរមានជ័យ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តកោះកុង និងខេត្តរតនគិរី នៅឃ្លាំងឱសថកណ្តាល (CMS)។
សូមជម្រាបផងដែរថា កម្មវិធីជាតិផ្តល់ថ្នាំបង្ការនៃមជ្ឍមណ្ឌលជាតិគាំពារមាតា និងទារក បានធ្វើការចែកម៉ូតូជូនដល់មន្រ្តីកម្មវិធីផ្ដល់ថ្នាំបង្ការថ្នាក់ក្រោមជាតិទាំង២៥ រាជធានី ខេត្ត បានចំនួន ៣ លើក ដោយសរុបម៉ូតូទាំងអស់មានចំនួន ៨១៩គ្រឿង ដែលជាជំនួយរបស់គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលនៃអង្គការ GAVI ដោយក្នុងមួយមណ្ឌលសុខភាពទទួលបានម៉ូតូ ចំនួន ២គ្រឿង។
គោលបំណងគឺដើម្បីឱ្យបុគ្គលិកមណ្ឌលសុខភាពយកទៅប្រើប្រាស់សម្រាប់សេវាចុះមូលដ្ឋាន ដែលជាសំណុំសកម្មភាពនៃការថែទាំសុខភាពបឋម មានដូចជា ការផ្តល់ថ្នាំបង្ការ ការផ្តល់គ្រាប់ថ្នាំជីវជាតិអា ការផ្តល់ថ្នាំបញ្ចុះសត្វល្អិត ការពិនិត្យផ្ទៃពោះមុន និងក្រោយសម្រាល ការតាមដានការលូតលាស់របស់កុមារ ការអប់រំសុខភាពស្តីពីអនាម័យ និងការការពារជំងឺរាករូស រលាកផ្លូវដង្ហើម និងអនាម័យទូទៅ។ល។