ខេត្តព្រះវិហារ៖ ព្រឹកថ្ងៃសៅរ៍ ៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដោយថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងឯកឧត្តមប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ បានអញ្ជើញបន្តដំណើរទៅមណ្ឌលសុខភាពគូលែន ដែមានចម្ងាយប្រមាណ ៤០គីឡូម៉ែត ពីក្រុងព្រះវិហារ ដើម្បីធ្វើការសំណេះសំណាល សួរសុខទុក្ខអ្នកជំងឺ និងមន្រ្តីសុខាភិបាល ព្រមទាំងពិនិត្យការបម្រើសេវាសុខាភិបាល។ ទិដ្ឋភាពជាក់ស្តែងនៅទីនោះ បានធ្វើឱ្យឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានអាម្មណ៍សប្បាយរីករាយក្រៃលែង ព្រោះបានឃើញបងប្អូនប្រជាពលរដ្ឋរស់នៅក្នុតំបន់នោះ មានការជឿជាក់ខ្លាំង លើការបម្រើសេវាព្យាបាលរបស់មន្រ្តី និងបុគ្គលិក បម្រើការងារនៅមណ្ឌលសុខភាពគូលែន និងបានមកទទួលសេវាយ៉ាងច្រើនកុះករគួរឱ្យកត់សម្គាល់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត ជួយធ្វើការបណ្ដុះបណ្ដាលបច្ចេកទេសជូនមន្ត្រីបុគ្គលិកទៅតាមជំនាញបន្ថែមទៀត ដើម្បីលើកកម្ពស់ និងពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នាំយកឱសថ សម្ភារៈបរិក្ខាពេទ្យបន្ថែមចាំបាច់មួយចំនួនជូនដល់មណ្ឌលសុខភាពផងដែរ។
ជាការបញ្ជាក់បន្ថែម មណ្ឌលសុខភាពគូលែនមានបុគ្គលិកចំនួន ១៦នាក់ ហើយក៏ជាមណ្ឌលសុខភាពមានគ្រែសម្រាប់អ្នកជំងឺសម្រាក និងបម្រើសេវា ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាណ៍។ ភាពដឹកនាំដ៏ប៉ិនប្រសប់ និងការច្នៃប្រឌិត បានធ្វើឱ្យមន្ត្រីនិងបុគ្គលិកមានការសាមគ្គីគ្នាល្អ ព្រមទាំងចូលរួមក្នុងការអភិវឌ្ឍន៍មណ្ឌលសុខភាពមួយនេះ បានល្អប្រសើរ ព្រមទាំងទទួលបានការគាំទ្រពីអាជ្ញាធរខេត្ត និងសប្បុរសជនក្នុងការពង្រីកហេដ្ឋារចនាម្ព័ន្ធនៅក្នុងមណ្ឌលសុខភាព ដើម្បីឆ្លើយតបទៅនឹងការបម្រើសេវាជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ការណែនាំ និងចំនុចគន្លឹះបន្ថែម សម្រាប់ការថែរក្សាសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សមធម៌ និងនវានុវត្តន៍ ជាពិសេសត្រូវចូលរួមថែរក្សានូវហេដ្ឋារចនាសម្ព័ន្ធ ត្រូវបន្តខិតខំពង្រឹងយន្តការថែទាំព្យាបាល និងការធ្វើរោគវិនិច្ឆ័យអ្នកជំងឺឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា ពង្រឹងសេវាបញ្ជូនអ្នកជំងឺឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ឆាប់រហ័ស។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ស្រឡាញ់រាប់អាន ពង្រឹងវិន័យ សាមគ្គី និងឯកភាពផ្ទៃក្នុង ដើម្បីនាំមកនូវការរីកចំរើនថែមទៀតនៅក្នុងអង្គភាពនិងសូមជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ សូមប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។