ខេត្តកំពង់ចាម៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៥ ដោយទទួលបានការណែនាំពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញចុះអភិបាលគាំទ្រ ក្រោយបណ្តុះបណ្តាល ផ្នែកសង្គ្រោះ បន្ទាន់មន្ទីរពេទ្យ ក្នុងស្រុកចំនួន៣រួមមាន៖មន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងមន្ទីរពេទ្យបង្អែក ស្រុកចំការលើ ដើម្បីពិនិត្យអំពីលំហូរ សេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងពិនិត្យនីតិវិធីស្តង់ដានៃប្រព័ន្ធបញ្ជូនអ្នកជំងឺ អមដំណើរដោយក្រុមការងារបច្ចេកទេស លោក យិន លាង អនុប្រធានការិយាល័យ នាយកដ្ឋាន មន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត លឹម សារ៉ែន គ្រូបង្គោលមកពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដោយមានការអញ្ជើញចូលរួមពីអនុប្រធានមន្ទីរសុខាភិបាលប្រធានស្រុកប្រត្តិបត្តិក្រុមគ្រូពេទ្យកំពុងបំរើការងារក្នុងផ្នែកសង្រ្គោះបន្ទាន់។
គោលបំណងចម្បងនៃការចុះអភិបាល ៖
-ពិនិត្យប្រព័ន្ធបញ្ជូនអ្នកជំងឺសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ដើម្បីធានាបានថាមានភាពរហ័ស និងប្រសិទ្ធភាព
- ការត្រួតពិនិត្យនីតិវិធីបញ្ជូន ដើម្បីធានាបានថាមានភាពរលូន និងសុវត្ថិភាព
- ការពិនិត្យសម្ភារៈ បរិក្ខារ រថយន្តសង្គ្រោះបន្ទាន់និងអាគារមន្ទីរពេទ្យ ដើម្បីធានាបានថាអាចដំណើការបានប្រកបដោយប្រសិទ្ធភាព។
- ពង្រឹងសមត្ថភាពបច្ចេកទេសដែលបានបណ្តុះបណ្តាលឱ្យក្លាយជាការអនុវត្តន៍ជាក់ស្តែង។
ឯកឧត្តមសាស្រ្តាចារ្យ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានណែនាំអំពីការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងវិធីនៃការបញ្ជូន និងសេវាសង្គ្រោះបន្ទាន់ ដើម្បីពង្រឹងវិស័យសេវាសុខាភិបាលឱ្យកាន់តែមានគុណភាព។
ក្នុងដំណើរ បេសកកម្មនេះឯកឧត្តមសាស្រ្តាចារ្យ អនុរដ្ឋលេខាធិការនិងក្រុមការងារបានចុះពិនិត្យស្ថានភាពនៃមណ្ឌលសុខភាពស្ថិតត្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ចាមកំពង់សៀមចំនួន ០៤៖មណ្ឌលសុខភាពកោះមិត្ត មណ្ឌលសុខភាពសំបួរមាស មណ្ឌលសុខភាព វាលវង់និងមណ្ឌលសុខភាព គៀនជ្រៃ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកចំការលើ ចំនួន០៨មណ្ឌលសុខភាពមាន ៖មណ្ឌលសុខភាពស្វាយទាប មណ្ឌលសុខភាពជយោ មណ្ឌលសុខភាពស្ពឺ មណ្ឌលសុខភាពតាំងក្រង មណ្ឌលសុខភាពបូសខ្នុរ មណ្ឌលសុខភាពស្វាយមាស មណ្ឌលសុខភាពតាំងក្រងនិងមណ្ឌលសុខភាពដូនធី។
ក្រុមការងារបានសង្កេតឃើញថាថ្នាក់ដឹកនាំមន្រ្តី សុខាភិបាល និងថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន រួមទាំងមន្រ្តីសុខាភិបាល គ្រប់ជាន់ថ្នាក់មានការយកចិត្តទុក្ខដាក់ខ្ពស់ រួមទាំង មានឆន្ទៈក្នុងការចូលរួមកែលម្អការ ផ្ដល់សេវាជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។
ជាចុងក្រោយឯកឧត្តមសាស្ត្រាចារ្យអនុរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុកពីឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តី សុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាល ជំងឺជូនប្រជាពលរដ្ឋនៅក្នុងគ្រប់មូលដ្ឋាន។