Cambodia
New Details

Image
សន្និសីទសារព័ត៌មានស្តីពីលទ្ធផលសម្រេចបានថ្មីនៃគោលដៅ ៩៥-៩៥-៩៥ និងទស្សនកិច្ចរបស់លោកជំទាវ វីននី ប៊ីយ៉ាន់យីម៉ា (Winnie Byanima) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការយូអិនអេដស៍ (UNAIDS)
June 01, 2025

នៅព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការ និងលោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានអញ្ជើញចូលរួមសន្និសីទសារព័ត៌មានស្តីពីលទ្ធផលសម្រេចបានថ្មីនៃគោលដៅ ៩៥-៩៥-៩៥ និងទស្សនកិច្ចរបស់លោកជំទាវ Winnie Byanyima ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកស្រី Patricia Ongpin នាយិកាអង្គការUNAIDS ប្រចាំកម្ពុជា។ សន្និសីទសារព័ត៌មាននេះមានការអញ្ជើញចូលរួមពី តំណាងក្រសួងសុខាភិបាល ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ តំណាងកាកបាទក្រហមកម្ពុជា តំណាងអ្នកផ្ទុកមេរោគអេដស៍ អង្គការសង្គមស៊ីវិល និងបណ្តាញអ្នកសារព័ត៌មាន សរុបចំនួន៣៤នាក់។

ក្នុងសន្និសីទព័ត៌មានខាងលើបានរំលេចឱ្យដឹងថា កម្ពុជាទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ ហើយក្លាយជាប្រទេសនាំមុខក្នុងពិភពលោកក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីផ្នែកគោលនយោបាយ និងការប្តេជ្ញាចិត្តពីប្រមុខរាជរដ្ឋាភិបាល រួមជាមួយការសហការគាំទ្រយ៉ាងជិតស្និទ្ធពី អង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល កាកបាទក្រហមកម្ពុជា សហគមន៍អ្នកផ្ទុកមេរោគអេដស៍ និងការចូលរួមពីបណ្តាញក្រុមប្រជាជនគោលដៅ។ វឌ្ឍនភាពឆ្ពោះទៅរកគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៤ កម្ពុជាបានបន្តជោគជ័យដោយ៖ ៩៥ទី១ គឺសម្រេចបាន ៩២% នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពមេរោគអេដស៍ (កើនឡើងពី ៨៩% ក្នុងឆ្នាំ២០២៣) ៩៥ទី២ គឺសម្រេចបាន ១០០% នៃអ្នកផ្ទុកមេរោគអេដស៍ដែលបានដឹងពីស្ថានភាពរបស់ខ្លួន កំពុងស្ថិតក្នុងការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង ៩៥ទី៣ គឺសម្រេចបាន ៩៨% នៃអ្នកដែលកំពុងព្យាបាលមានកំហាប់មេរោគអេដស៍ក្នុងឈាមក្នុងកម្រិតទាប។

សន្និសីទសារព័ត៌មានក៏បានលើកឡើងពីជោគជ័យក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវ វីននី ប៊ីយ៉ាន់យីម៉ា (Winnie Byanima) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយិកាប្រតិបត្តិអង្គការយូអិនអេដស៍ (UNAIDS) ដោយបានផ្សព្វផ្សាយជាសកលពីភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ហើយយកវិធីសាស្រ្តជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ចែករំលែកជូនដល់ប្រទេសផ្សេងៗក្នុងពិភពលោកផងដែរ។ 

យោងតាមការប៉ាន់ប្រមាណការរាលដាលនៃមេរោគអេដស៍ ចំនួនអ្នកឆ្លងមេរោគអេដស៍ថ្មីបានថយចុះមកត្រឹម ១ ២០០នាក់ ក្នុងឆ្នាំ២០២៤ ដែលតំណាងឱ្យការថយចុះ ៤៥% ពីកម្រិតមូលដ្ឋាននៅឆ្នាំ ២០១០ និងតំណាងឱ្យការថយចុះជាង ៩០% ចាប់តាំងពីការរីករាលដាលនៃមេរោគឆ្លងដល់កំពូលនៅចុងទសវត្សរ៍ឆ្នាំ១៩៩០។ លើសពីនេះទៀត ការចម្លងមេរោគអេដស៍ពីម្តាយទៅកូនបានធ្លាក់ចុះមកត្រឹម ៦.៩% ក្នុងឆ្នាំ២០២៤ ដោយស្ត្រីមានផ្ទៃពោះជាង ៩៧% នៃអ្នកផ្ទុកមេរោគអេដស៍បានទទួលការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ ដើម្បីបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។ ទោះបីជាទទួលបានជោគជ័យដូចនេះក៏ដោយ ក៏បញ្ហាប្រឈមនៅតែមាន ដោយការឆ្លងថ្មីនៅតែមានកម្រិតខ្ពស់ក្នុងចំណោមក្រុមប្រជាជនគន្លឹះៗ រួមមាន បុរសរួមភេទជាមួយបុរស អ្នកប្លែងភេទ ស្ត្រីបម្រើការក្នុងសេវាកម្សាន្ត និងអ្នកប្រើប្រាស់/ចាក់គ្រឿងញៀន។ បច្ចុប្បន្ននេះ ៤៤% នៃករណីឆ្លងថ្មីនៃមេរោគអេដស៍ គឺជាក្រុមយុវវ័យដែលមានអាយុពី ១៥ ទៅ ២៤ ឆ្នាំ។ និន្នាការមួយគួរឱ្យព្រួយបារម្ភនេះ អាចបណ្តាលមកពីមានការថយចុះនៃចំណេះដឹងមូលដ្ឋានអំពីមេរោគអេដស៍ ក្នុងចំណោមយុវវ័យ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11