រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥៖ ដោយបានទទួលការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី និងដឹកនាំក្រុមការងាររបស់ក្រសួងសុខាភិបាល ចូលរួមក្នុង ពិធីប្រកាសបើកកិច្ចប្រជុំស្វែងយល់ និងពិភាក្សាក្នុងការអនុវត្តគម្រោងលេខ៩៨ ស្តីពីការពង្រឹងការត្រៀមលក្ខណៈ និងការឆ្លើយតបលើការងារសង្រ្គោះបន្ទាន់ផ្នែកវេជ្ជសាស្រ្តនៅតំបន់អាស៊ីអាគ្នេយ៍ (EU CBRN CoE Project 98 Strengthening CBRN Medical Emergency Preparedness and Response in Southeast Asia) ដែលបានប្រពឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។
កិច្ចប្រជុំស្វែងយល់ និងពិភាក្សាក្នុងការអនុវត្តគម្រោងលេខ៩៨ នេះរៀបចំដោយអាជ្ញាធរជាតិអាវុធគីមី សហការជាមួយគម្រោងលេខ៩៨ នៃសហភាពអឺរ៉ុប គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺការធ្វើទស្សនកិច្ច ការពិគ្រោះយោបល់ក្នុងការពង្រឹង បង្កើនសមត្ថភាពសម្រាប់ការឆ្លើយតប ក្នុងកិច្ចការសង្រ្គោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត គីមី ជីវសាស្រ្ត វិទ្យុសកម្ម នុយក្លេអ៊ែរ (CBRN) ក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថាកិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅរយៈពេលចំនួន ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តមឧត្តមសេនីយ៍ទោ នឿន វិទ្យា អគ្គលេខាធិការរង តំណាង ឯកឧត្តមនាយ ឧត្តមសេនីយ៍ ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី លោកស្រីសាស្ត្រាចារ្យបណ្ឌិត Raquel Duarte-Davidson ប្រធានដឹកនាំគម្រោងលេខ៩៨ នៃសហភាពអឺរ៉ុប ព្រមទាំងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធចំនួន២៣ ដែលមានសមាសភាពសរុបចំនួន ៤៤នាក់។