ទីស្ដីការក្រសួងសុខាភិបាល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការជាតិពិនិត្យមរណភាព មាតា និងទារកជុំវិញកំណើត និងការឆ្លើយតប បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាង ផែនការសកម្មភាពដើម្បីពន្លឿនការកាត់បន្ថយមរណភាពមាតា និងទារក ២០២៦ - ២០៣០។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាពដើម្បីពន្លឿនការកាត់បន្ថយមរណភាពមាតា និងទារក ២០២៦ - ២០៣០ និងស្វែងរកធាតុចូល។
ផែនការសកម្មភាពដើម្បីពន្លឿនការកាត់បន្ថយមរណភាពមាតា និងទារក ២០២៦ - ២០៣០ នេះផ្តោតលើគុណភាពសេវាសុខភាពមាតា និងទារកពីយន្តការណ៍តាមដានគុណភាព ពង្រឹងប្រព័ន្ធបញ្ជូន និងមានការចូលរួម (ក្រុមការងារការបង្ការនិងត្រួតពិនិត្យការចម្លងរោគ និងក្រុមការងារសុវត្ថិភាពអ្នកជំងឺ)។ ផែនការសកម្មភាពដើម្បីពន្លឿនការកាត់បន្ថយមរណភាពមាតា និងទារក ២០២៦ - ២០៣០ រួមមាន (១) គុណភាពថែទាំប្រចាំថ្ងៃ (ការថែទាំមុនសម្រាល សម្រាល និងក្រោយសម្រាល និងការថែទាំទារក (២) យន្តការតាមដាន និងផែនការកែលម្អ និង(៣) ការថែទាំសង្រ្គោះបន្ទាន់មាតា និងទារក ព្រមទាំងពង្រឹងប្រព័ន្ធបញ្ជូន។
លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការក៏បានពន្យល់អំពីគោលការណ៍ណែនាំស្តីពីគុណភាពសុខភាពមាតា និងទារកសំខាន់ៗ៖ ១. ពង្រឹងសុវត្ថិភាពជៀសវាងគ្រោះថ្នាក់ ២. អ្នកជំងឺជាមណ្ឌល (Patient-centered care) ដោយផ្តោតលើការគោរពសិទ្ធិស្រ្តី តម្រូវការ និងតម្លៃ ៣. សមធរ ៤. ប្រសិទ្ធិពល ៥. ប្រសិទ្ធភាព និង ៦. ទាន់ពេលវេលាដោយកាត់បន្ថយការយីតយ៉ាវទាំង៣ (យីតយ៉ាវទី១ ការសម្រេចចិត្តមកទទួលសេវា យីតយ៉ាវ២ ការបញ្ជូនមាតា និងទារក យីតយ៉ាវទី៣ គុណភាពនៃការផ្តល់សេវាដល់ស្ត្រី)។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ សមាជិកគណៈកម្មាធិការជាតិពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប គណៈឆ្មបកម្ពុជាអង្គការសុខភាពពិភពលោក UNFPA JICA KOFIH សមាគមគ្រូពេទ្យទារកកម្ពុជា សមាគមគ្រូពេទ្យសម្ភព និងលោកស្រ្តី ដែលមានចំនួនសរុបចំនួន៣០រូប។