Cambodia
New Details

Image
អបអរសាទរទិវាគិលានុបដ្ឋាកអន្តរជាតិ ឆ្នាំ២០២៥ក្រោមប្រធានបទ “ការយកចិត្តទុកដាក់ទៅលើគិលានុបដ្ឋាកនៅថ្ងៃនេះនឹងជួយលើកស្ទួយដល់ការរីកចម្រើនសេដ្ឋកិច្ចនាថ្ងៃអនាគត (Our Nurses. Our Future. Caring for Nurses Strengthens Economies)”
June 03, 2025

រាជធានីភ្នំពេញ៖ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមបើកទិវាគិលានុបដ្ឋាកអន្តរជាតិ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី។ 

ទិវាគិលានុបដ្ឋាកអន្តរជាតិឆ្នាំ២០២៥ មានគោលបំណង ដើម្បីអបអរសាទរសមិទ្ធិផលរបស់គិលានុបដ្ឋាកកម្ពុជាទូទាំងប្រទេស និងគិលានុបដ្ឋាកនៅទាំងពិភពលោកដែលមានជាង ២៩ លាននាក់ ដើម្បីបញ្ជាក់ពីតួនាទីដ៏សំខាន់របស់គិលានុបដ្ឋាកក្នុងការបម្រើសង្គមជាពិសេសក្នុងស្ថានភាពជំងឺឆ្លង គ្រោះមហន្តរាយ និងស្ថានភាពគ្រាអាសន្នផ្សេងទៀត។

លោកជំទាវសាស្រ្តាចារ្យបានមានប្រសាសន៍ ក្នុងនាមក្រសួងសុខាភិបាល សូមលើកទឹកចិត្តដល់មូលដ្ឋានសុខាភិបាលទាំងអស់យកចិត្តទុកដាក់ និងគាំទ្រដល់គិលានុបដ្ឋាក ដូចជា៖ (១) ជួយគិលានុបដ្ឋាកមានសុខភាពល្អបម្រើសេវាថែទាំបានគ្រប់ពេលវេលាទៅតាមតម្រូវការរបស់អ្នកជំងឺ (២) ផ្តល់ការបណ្តុះបណ្តាលបន្តនូវចំណេះដឹងថ្មីៗ បំពាក់ឧបករណ៍វេជ្ជសាស្រ្តថ្មីៗ និងបច្ចេកវិទ្យា ជាជំនួយក្នុងការផ្តល់ការថែទាំប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ទាន់ពេលវេលា (៣) អនុវត្តបានត្រឹមត្រូវតាមពិធីសារសុវត្ថិភាពការងារ ដើម្បីការពារគ្រោះថ្នាក់ក្នុងពេលបម្រើការងារ និង (៤) ពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំ ដើម្បីបង្កើនសមាមាត្រ តួនាទីដឹកនាំរបស់គិលានុបដ្ឋាកនៅមន្ទីរពេទ្យ និងតាមគ្រឹះស្ថានបណ្តុះបណ្តាល។ 

ជាទីបញ្ចប់ លោកជំទាវសាស្រ្តាចារ្យ បានថ្លែងអំណរគុណ គណៈកម្មាការរៀបចំ និងការចូលរួមចែករំលែក ការលើកឡើងរបស់វាគ្មិន អ្នកចូលរួមទាំងអស់ “ការខិតខំប្រឹងប្រែងរបស់អ្នក បានធ្វើឱ្យថ្ងៃនេះមានន័យ និងជោគជ័យ។ ទោះបីជាពេលវេលារបស់យើងជាមួយគ្នាត្រូវបានបញ្ចប់ក៏ដោយ ប៉ុន្តែការសន្ទនា និងគំនិតដែលយើងបានចែករំលែកនិងយកទៅអនុវត្តបន្ត។ ចូលរួមជាមួយគ្នាឆ្ពោះទៅមុខក្នុងការងាររបស់យើង ការសិក្សារបស់យើង និងសហគមន៍របស់គិលានុបដ្ឋាកយើង។”

ចូលរួមក្នុងទិវាគិលានុបដ្ឋាកនេះផងដែរ មានសមាសភាពថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលរាជធានី ខេត្ត គិលានុបដ្ឋាក សរុប៣០០នាក់(ចូលរួមផ្ទាល់)  និង ២៥០០នាក់បានចូលតាមប្រព័ន្ធ Zoom។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17