រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ លោក Thomas Lammar ភារធារី នៃស្ថានទូត នៃប្រទេសលុចសំបួរ ប្រចាំប្រទេសឡាវ និងគណៈប្រតិភូ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ លោក Thomas Lammar ភារធារី និងគណៈប្រតិភូដែលបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅពេលនេះ។ លោក ភារធារី បានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាព និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យសុខាភិបាលនៅកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ នៃប្រទេសលុចសំបួ ដែលបង្ហាញចំណាប់អារម្មណ៍លើប្រព័ន្ធសុខាភិបាលកម្ពុជា និងមានបំណងចូលរួមក្នុងវិស័យសុខាភិបាល តាមរយៈការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍បរិក្ខាវេជ្ជសាស្ត្រ ដើម្បីសំដៅចូលរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៍ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរ គណៈប្រតិភូ នៃប្រទេសលុចសំបួ នឹងបន្តចុះទស្សនកិច្ចស្វែងយល់តាមបណ្តាខេត្តមួយចំនួន ខេត្តស្ទឹងត្រែង ខេត្តរតនគីរី ដើម្បីពាំនាំពត៌មានវឌ្ឍនភាព និងពិនិត្យមើលលទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាដៃគូរជាមួយសុខាភិបាលកម្ពុជា។