Cambodia
New Details

Image
កិច្ចពិភាក្សាស្វែងរកឱកាសនៃការអភិវឌ្ឍបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបនៅកម្ពុជារបស់សម្ព័ន្ធក្រុមហ៊ុន European Wellness Biomedical Group
June 03, 2025

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួប ពិភាក្សាការងារជាមួយប្រតិភូចម្រុះ ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ ម៉ៃ ចាន់ (Maike Chan) ប្រធានសម្ព័ន្ធក្រុមហ៊ុន European Wellness Biomedical Group ជាអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រទំនើបនៃប្រព័ន្ធភាពស៊ាំ និងការជួសជុលកោសិកា និងជាអ្នកស្រាវជ្រាវ អ្នកនិពន្ធ និងអ្នកបង្កើតថ្មី។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង សម្តែងការគួរសម និងពិភាក្សាស្វែងរកឱកាសនៃការអភិវឌ្ឍបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបនេះនៅកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការបានស្វាគមន៍ និងជម្រាបប្រតិភូ ពីយុទ្ធសាស្ត្រអាទិភាព៩ និងអាទិភាពចម្បង៣ របស់ក្រសួងសុខាភិបាលដែលកំពុងដាក់អនុវត្តយ៉ាងសកម្មក្នុងការកែលម្អប្រព័ន្ធសុខាភិបាលនៅកម្ពុជា ទាំងក្នុងវិស័យសាធារណៈ និងឯកជន។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងនេះដែរក្រសួងក៏កំពុងយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស និងការពង្រីកសេវាដោយចាប់យកបច្ចេកវិទ្យាថ្មីៗ ដែលមានការទទួលស្គាល់ជាអន្តរជាតិ (ពិសេសពីអង្គការសុខភាពពិភពលោក) និងសមស្របតាមបរិបទកម្ពុជា។  ឯកឧត្តមរដ្ឋលេខាធិការក៏បានបញ្ជាក់ជូនភ្ញៀវពីសុឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការដោយចាប់ផ្តើមពីការបណ្តុះបណ្តាលធនមនុស្សជំនាញជាចម្បងបំផុត។

លោកសាស្ត្រាចារ្យ ម៉ៃ ចាន់ ប្រធានសម្ព័ន្ធក្រុមហ៊ុន European Wellness Biomedical Group បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលបានអនុញ្ញាតឱ្យរូបលោក និងក្រុមការងារ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងសុខាភិបាល។ លោកសាស្ត្រាចារ្យ ក៏បានយល់ស្របតាមក្រសួងសុខាភិបាល ហើយនិងបន្តការពិភាក្សាដើម្បីបង្កើតឱកាសបណ្តុះបណ្តាលធនធានមនុស្សទៅលើផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗ ដែលពិភពលោកមានការទទួលស្គាល់ជាបន្តទៅទៀត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16